ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈមានរថយន្តសេ៊រីទំនើប១គ្រឿងបើកបុករះម៉ូតូកង់បីឥណ្ឌា២គ្រឿងនិងសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយព្យាយាមបើករត់តែត្រូវឃាត់បានវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ដិតនៅតាមបណ្ដោយផ្លូវ៣៧២ ក្បែរសាលាសង្កាត់បឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តសេ៊រីទំនើប១គ្រឿងម៉ាក GAC ពាក់ស្លាកលេខភ្នំពេញ 2CK-6867 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចតស្ងៀមខ្ទាតទៅបោកនិងបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតរងការខូចខាត រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមផ្អើលពេញផ្លូវទើបឃាត់បានយកមកកន្លែងកើតហេតុដោះស្រាយគ្នាវិញ ដោយគេសង្ស័យថាអ្នកបើកបររថយន្តខាងលើអាចស្រវឹងស្រា ។ ពលរដ្ឋបានលើកឡើងថា បើស្រវឹងស្រាសូមកុំបើកបរ ព្រោះវាបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯង នេះសំណាងហើយបើកបុករះខូចខាតតែម៉ូតូកង់បីឥណ្ឌានិងសំយ៉ាបផ្ទះមិនមានអ្នករងរបួស។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា និងមានការឈ្លោះប្រកែកគ្នាមួយប្រាវផងដែរ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយគាគីរថយន្តបានចេញសំណងទៅឲ្យម៉ូតូកង់បីពីរគ្រឿងចំនួន ២០០ ដុល្លារនិងសំយ៉ាបផ្ទះចំនួន៤០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សីហា សែនសុខ










