ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិព័រណ៍ផលិតផលខ្មែរ ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។
-សម្ដេចធិបតី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) គឺជាការផ្សារភ្ជាប់រវាងអ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងប្រទេសឱ្យអស់ពីលទ្ធផល និងប្រកបដោយគុណភាព ព្រមទាំងតម្លៃសមរម្យ។
- សម្ដេចធិបតី ថ្លែងប្រាប់ពីប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិតឱ្យបានច្រើន ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព។
- សម្ដេចធិបតី គូសបញ្ជាក់ថា អ្នកប្រើប្រាស់ក្នុងស្រុក ទាំងគេហជន រោងចក្រសហគ្រាស ត្រូវផ្ដល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម ជំរុញតម្លៃបន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិជារួម។
-សម្ដេចធិបតី ថ្លែងបង្ហាញនូវមោទនភាពចំពោះផលិតករកម្ពុជា ដែលផលិតបាននូវផលិតផលជាច្រើន តាំងពីវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្មជាដើម ដែលក្នុងនោះមានតាំងពីទឹកត្រី ទឹកស៊ីអ៊ីវ សម្បកកង់រថយន្ត ប្រេងម៉ាស៊ីន និង Tablet ជាដើម ដើម្បីបំពេញតម្រូវការក្នុងប្រទេស និងនាំចេញ។
- សម្ដេចធិបតី ក៏បានជំរុញដល់ក្រុមផលិតករទាំងនោះឱ្យបង្កើនការផលិតបន្ថែមទៀត ដើម្បីបម្រើឱ្យការប្រើប្រាស់ក្នុងប្រទេស និងនាំចេញផងដែរ។
- សម្ដេចធិបតី ថ្លែងអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ស្រុះស្រួលគ្នាសហការជាមួយវិស័យឯកជន ក្នុងស្មារតីឧត្តមនិយម ឧត្តមប្រយោជន៍ជាតិ និងប្រាជជន សំដៅបង្កើតនូវសហថាមពលនៃការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច មីក្រូតូច និងមធ្យមនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងជំរុញដល់ផលិតករក្នុងប្រទេសព្យាយាមកែច្នៃអ្វីដែលមាននៅក្នុងស្រុក ដែលក្នុងនោះមានតាំងពីដំណាំដាំដុះ ត្រី សាច់នានាជាដើម ដើម្បីផលិតចេញជាផលិតផលនានាសម្រាប់ដាក់លក់ក្នុងប្រទេស និងនាំចេញ។
- សម្ដេចធិបតី បញ្ជាក់បន្ថែមថា ការចេះកែច្នៃនេះ គឺដើម្បីកាត់បន្ថយការនាំចូល។
- សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការបង្កើតការងារ បង្កើតចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងជំរុញភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក សហគ្រាសធុនមីក្រូតូច មធ្យម មានខ្លួនតូច តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ មូលដ្ឋាន និងជាតិទាំងមូល។
-សម្ដេចធិបតី ថ្លែងថា នៅអំឡុងទ្វារបិទ(ថៃបិទព្រំដែន) សូមផលិតករទាំងអស់កុំដេក ហេតុនេះផលិតករទាំងអស់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរ លក់ក្នុងតម្លៃសមរម្យ និងត្រូវបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយធុរជននានា ដើម្បីបង្ការនៅពេលថៃបើកព្រំដែននៅថ្ងៃណាមួយ ផលិតផលក្នុងប្រទេសយើងនៅតែរឹងមាំ និងរក្សាបានកំណើននៃការនាំចេញជាដដែល ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផល ឬវត្ថុធាតុដើមមកពីថៃ។
-សម្ដេចធិបតី បានវិភាគឃើញថា ពលរដ្ឋកម្ពុជាបានចំណាយលើការទិញផលិតផលនានាមកប្រើប្រាស់ប្រចាំថ្ងៃ ដែលក្នុងនោះមានដូចជា ក្រដាស ទឹកដោះគោ ចាន ឆ្នាំងជាដើម គឺមិនតិចជាង ១០០០០០០០០០ ដុល្លារនោះទេ ។
- សម្ដេចធិបតី បន្ថែមថា ហេតុនេះយើងត្រូវបង្កើនការផលិតក្នុងប្រទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីជាចំណូលដល់ផលិត ករក្នុងប្រទេស។
- សម្ដេចធិបតី ថ្លែងថា ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដោយផ្ដោតលើសមត្ថភាពការផលិតទំនិញ ការផ្ដល់សេវាប្រកួតប្រជែង។
- សម្ដេចធិបតី ថ្លែងបន្តថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ដែលការផ្លាស់ប្ដូរឋានៈនេះ គឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។
- សម្ដេចធិបតី គូសបញ្ជាក់ថា ដូច្នេះការកែលម្អ គុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ។
- សម្ដេចធិបតី ថ្លែងណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវចាំថាការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និយាយរួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល ទើបជាកត្តាជំរុញឱ្យមានការគាំទ្រជ្រើសរើសប្រើប្រាស់ជាប្រចាំ។
- សម្តេចធិបតី ថ្លែងណែនាំឱ្យភាគីពាក់ព័ន្ធសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មមួយចំនួន ដោយកំណត់ឱ្យមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះដែលអាចវិនិយោគបាន មិនអនុញ្ញាតឱ្យជនបរទេសចូលវិនិយោគឡើយ។
- សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពិសេសប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងធម្យម ដែលបានសិក្សា និងគ្រោងដាក់ចេញ ១- អនុក្រឹត្យស្ដីពី ការគ្រប់គ្រង់វដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសម្រួលដល់ការដំណើរការគ្រប់គ្រងអាជីវកម្មតាំងពីដំណាក់កាលចាប់ផ្ដើមរហូតដល់ដំណើរការបិទបញ្ចប់អាជីវកម្ម។ ២- អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងធម្យម ដើម្បីជួយឱ្យអាចងើបឡើង ឈរជើង និងដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដោយផ្ទាល់ និងដោយប្រយោល។ បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការជវភាពនៃប្រព័ន្ធតួអង្គតែមួយ សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធដោយតម្លាភាព ការទទួលសខុសត្រូវ និងភាពប្រាកដប្រជានិយម។
- សម្តេចធិបតី ថ្លែងណែនាំឱ្យវិស័យឯកជន ត្រូវយកចិត្តទុកដាក់លើគុណភាពផលិតផលក្នុងស្រុក កុំលេងផ្លូវកាត់ បន្ថយគុណភាពដើម្បីតែផលចំណេញ ដោយមិនគិតគូរពីសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
- សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់អ្នកផលិតទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេស គឺមិនត្រឹមតែជាប្រទេសឈប់នាំចូល និងផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកនោះទេ។ តែអ្វីដែលសំខាន់ គឺត្រូវផ្ដោតលើគុណភាព តម្លៃ និងសមត្ថភាពប្រកួតប្រជែង។
- សម្តេចធិបតី ថ្លែងណែនាំ មន្ត្រីធ្វើជាគំរូ ដល់មហាជន ត្រូវប្រុងប្រយ័ត្ន យកក្រណាត់បរទេស ពិសេសក្រណាត់ប្រទេសជិតខាង មកកាត់សំលៀកបំពាក់ប្រពៃណីចូលរួមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ។
- សម្ដេចធិបតី ក៏បានណែនាំ ដល់កូនមន្ត្រី ប្រយ័ត្ន និងកុំជ្រើសយកសំលៀកបំពាក់ប្រទេសជិតខាងមកស្លៀកពាក់ក្នុង ពិធីមង្គលការរបស់ខ្លួន។
នាឱកាសនោះដែរ លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយ៖ ធនាគារ KB PRASAC , ក្រុមហ៊ុន OCIC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារABA, ក្រុមហ៊ុនផលិតចំណីសត្វ ANT, មីសញ្ញាកងបី .. ព្រមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម។
សូមជម្រាបជូនថា ពិព័រណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ «ពិព័រណ៍ផលិតផលខ្មែរ» រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្តានុពលផលិតផលជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស្គាល់កាន់តែច្បាស់ពីគុណភាពផលិតផលក្នុងស្រុក។
ការរៀបចំពិព័រណ៍នេះឡើង ក៏ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ៕

ដោយ៖ស តារា










