ភ្នំពេញ៖ ឃ្លាំងស្តុកសម្ភារៈមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង រួមទាំងសម្ភារៈដែលមាននៅខាងក្នុង។ អគ្គិភ័យនេះក៏បានបន្តរាលដាលដល់ឃ្លាំងសិប្បកម្មកាត់ដេរសម្លៀកបំពាក់មួយកន្លែងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣៣នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកសម្ភារៈ ស្ថិតក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង។ ភ្លាមៗនោះ ពួកគាត់ក៏បាននាំគ្នាចេញទៅមើល ស្រាប់តែឃើញអណ្តាតភ្លើងលាយឡំនឹងផ្សែងហុយខ្មួលខ្មាញ់ ឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ដោយមើលឃើញស្ថានភាពអគ្គិភ័យកាន់តែធ្ងន់ធ្ងរ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មានអំពីករណីអគ្គិភ័យខាងលើ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅនានា ចេញទៅអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២១០ឡាន ទើបអាចគ្រប់គ្រង និងពន្លត់អគ្គិភ័យបានជាស្ថាពរ។
ចំពោះការខូចខាត អគ្គិភ័យបានបំផ្លាញឃ្លាំងស្តុកសម្ភារៈចំនួន ១កន្លែងទាំងស្រុង រួមទាំងសម្ភារៈដែលមាននៅខាងក្នុង ព្រមទាំងបានរាលដាលដល់ឃ្លាំងសិប្បកម្មកាត់ដេរសម្លៀកបំពាក់ចំនួន ១កន្លែងទៀត ដែលបណ្តាលឱ្យខូចខាតសម្ភារៈទាំងស្រុងផងដែរ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ត្រូវបានបញ្ចប់ទាំងស្រុងនៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយឡែក ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការឆាបឆេះនេះ។
ជាសំណាងល្អ ហេតុការណ៍អគ្គិភ័យខាងលើមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡើយ៕
ដោយ ៖ ភារ៉ា ដង្កោ










