អគ្គិភ័យឆេះឃ្លាំងស្តុកសម្ភារ និងរោងចក្រកាត់ដេរ រងការខូចខាតទាំងស្រុង នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកសម្ភារ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ បណ្តាលឱ្យរងការខូច ខាតទាំងស្រុង កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ រហូតដល់ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ឃ្លាំងស្តុកសម្ភារ រួមមានចាន ឆ្លាំង និងគ្រឿងសំណង់ផ្សេងៗ របស់ថៅកែជនជាតិចិន មានទំហំ ២០ម៉ែត្រ គុណ ២៦ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី បានរងការ ខូចខាតទាំងស្រុង។ ចំណែករោងចក្រកាត់ដេរសម្លៀកបំពាក់ដែលនៅជាប់គ្នា មានទំហំ ២០ម៉ែត្រ គុណ ២៦ម៉ែត្រ និងសង់ពីដែកប្រក់ស័ង្កសីដូចគ្នា ក៏រងការខូចខាតទាំងស្រុងផងដែរ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងស្តុកសម្ភារ ដែលពុំមានអ្នកស្នាក់នៅ រួចក៏រាលដាលដល់រោងចក្រដែលនៅជាប់គ្នា យ៉ាងសន្ធោសន្ធៅ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣១គ្រឿង មកពីបណ្តាអង្គភាពនានា រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ អង្គភាព៧១១ កងពលតូចលេខ៧០ កងរាជអាវុធហត្ថ បុរីប៉េងហួត និងស្រាបៀរកម្ពុជា បានសហការគ្នាបាញ់ទឹកពន្លត់អគ្គិភ័យ និងរើកកាយគំនរវត្ថុដែលឆេះ រហូតដល់ម៉ោង ៤ទៀបភ្លឺ ទើបភ្លើងរលត់ទាំងស្រុង។

ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print