ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរនៅខាងមុខ បណ្តាលឱ្យដួលខ្ទាតទៅបោកក្បាលនឹងបង្គោលស្លាកប៉ាណូ។ ចំណែករថយន្តបានបន្តដំណើរគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក HONDA SCOOPY ពណ៌មិនទាន់ដឹង ពាក់ស្លាកលេខ ភ្នំពេញ 1KL-0466 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូរបស់ជនរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរនៅខាងមុខ បណ្តាលឱ្យដួលខ្ទាតជនរងគ្រោះទៅបោកក្បាលនឹងបង្គោលស្លាកប៉ាណូយ៉ាងខ្លាំង រងរបួសធ្ងន់ធ្ងរ និងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តដែលពាក់ព័ន្ធបានបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










