ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងនៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៦ នេះអំពីករណីនៃការបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ដោយបានការណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កំលាំងនគរបាលផ្នែកគ្រឿងញៀនស្រុកភ្នំស្រួច នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការជាមួយកំលាំងប៉ុស្តិ៍ចុះល្បាតនៅចំណុចស្ថិតនៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ឃាត់និងត្រួតពិនិត្យលើមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៣នាក់ ។
(១)-ឈ្មោះ ហេង ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូចសង្ស័យជាគ្រឿងញៀននិងទូរស័ព្ទដៃ១គ្រឿង។
(២)-ឈ្មោះ សឿន សុផាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ដកហូតម្សៅក្រាមពណ៌សថ្លា២កញ្ចប់តូច សង្ស័យជាគ្រឿងញៀន
(៣)-ឈ្មោះ ជន ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ដកហូតវត្ថុតាង ម្សៅក្រាមពណ៌ថ្លាចំនួន១១កញ្ចប់ (មធ្យម២ តូច៩)សង្ស័យ ជាគ្រឿងញៀននិងខ្សៀចំនួន៣។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា១៥កញ្ចប់(មធ្យម២ តូច១៣)សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃ១គ្រឿង បច្ចុប្បន្នមុខសញ្ញាសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចំណាត់ការនីតិវិធីបន្ដ ៕
ដោយ៖ សុរិយា










