យោងតាមReuters នៅថ្ងៃទី២១ ខែវិច្ឆិកា បានអោយដឹងថា
កប៉ាល់ដឹកទំនិញរុស្ស៊ីមួយគ្រឿងដែលមានទំនាក់ទំនងជាមួយយោធាត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយបានឆាបឆេះនៅក្នុងសមុទ្របាល់ទិកកាលពីថ្ងៃសៅរ៍ ដែលប្រទេសហ្វាំងឡង់បាននិយាយថាទំនងជាការវាយប្រហារដោយអ៊ុយក្រែន ហើយក្រោយមកកប៉ាល់នេះបានរសាត់ចូលទៅក្នុងដែនទឹកហ្វាំងឡង់។
លោក Ilja Iljin មេបញ្ជាការកងឆ្មាំព្រំដែនហ្វាំងឡង់បានប្រាប់អ្នកផ្សាយព័ត៌មានសាធារណៈ Yle កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមនាវិកចំនួន ១៦ នាក់នៃកប៉ាល់ Sparta II បានជម្លៀសចេញតាមទូកសង្គ្រោះ បន្ទាប់មកទៅកាន់កប៉ាល់រុស្ស៊ីមួយគ្រឿងដែលនៅក្បែរនោះ ហើយកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។
នៅឆ្នាំនេះ អ៊ុយក្រែនបានបញ្ជូនយន្តហោះគ្មានមនុស្សបើកយោធាជាច្រើនគ្រឿងទៅកាន់តំបន់ Leningrad ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី រួមទាំងយន្តហោះមួយចំនួនដែលបានហោះចូលទៅក្នុងដែនអាកាសនៃតំបន់ Baltic ដែលនាំឱ្យមានការភ័យខ្លាចថាសង្គ្រាមកំពុងប៉ះពាល់ដល់ទឹកដី NATO។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ លោក Aki-Mauri Huhtinen បានប្រាប់សន្និសីទសារព័ត៌មានមួយថា “វាទំនងជាអ៊ុយក្រែន… នៅពីក្រោយ (ការវាយប្រហារ)” ដោយបន្ថែមថាវាមិនច្បាស់ថាហេតុអ្វីបានជានាវានេះត្រូវបានគេកំណត់គោលដៅនោះទេ។
រូបថត: Reuters










