ហេតុការណ៍ពុលស្រាទ្រង់ទ្រាយធំ នៅក្នុងតំបន់មួយរបស់ប្រទេសឥណ្ឌាបានទាក់ទាញចំណាប់អារម្មណ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១៨ នាក់ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១១០០ នាក់ និងរឹបអូសបានស្រាក្លែងក្លាយចំនួន ៤៥០០ លីត្រ។
យោងតាមកាសែត Hindustan Times នៅថ្ងៃទី ២៣ ខែវិច្ឆិកា អាជ្ញាធរនៅរដ្ឋ Manipur (ឥណ្ឌា) បានរឹបអូសបានស្រាក្លែងក្លាយប្រមាណ ៤៥០០ លីត្រ ដែលជាប់ទាក់ទងនឹងហេតុការណ៍ពុលស្រាទ្រង់ទ្រាយធំដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១១០០ នាក់។
យោងតាមលោកវេជ្ជបណ្ឌិត Sorokhaibam Jugindra Singh នាយកសេវាវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Shija ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកាមក ប្រជាពលរដ្ឋជាច្រើនមកពីស្រុក Chandel បានមកមន្ទីរពេទ្យដោយមានរោគសញ្ញាឈឺពោះ ចង្អោរ និងវង្វេងស្មារតី។
ពេលពិនិត្យ លោកសង្ស័យថាអ្នកជំងឺបានទទួលទានស្រាក្លែងក្លាយ ឬមានគុណភាពទាប ព្រោះរោគសញ្ញារបស់ពួកគេត្រូវគ្នានឹងការពុលមេតាណុល។
យោងតាមមន្ត្រីមូលដ្ឋាន មនុស្សចំនួន ១១៣០នាក់ ដែលបានទទួលទានគ្រឿងស្រវឹងប្រភេទនេះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ដើម្បីធ្វើតេស្ត និងតាមដាន។ ក្នុងចំណោមនោះ មាន ២២៨នាក់ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាល។
នៅមន្ទីរពេទ្យ Shija (ទីក្រុង Imphale រដ្ឋ Manipur) តែមួយ មនុស្សចំនួន ៣៩៥នាក់ ត្រូវបានត្រួតពិនិត្យ ដោយមាន ៦៣នាក់ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ នេះបើយោងតាម ThePrint។ ជាពិសេស អ្នកជំងឺចំនួន ៨នាក់ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង (ICU)។
អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋ Manipur លោក Sapam Ranjan បាននិយាយថា ការស្លាប់របស់មនុស្សចំនួន ១៨នាក់ ដែលទាក់ទងនឹងការពុលស្រា គឺជារឿងដ៏សោកសៅ និងគួរឲ្យសោកស្តាយយ៉ាងខ្លាំង។
លោកក៏បាននិយាយផងដែរថា មនុស្សជាច្រើនបានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តជាបន្ទាន់ បន្ទាប់ពីដឹងថាពួកគេបានទទួលទានគ្រឿងស្រវឹងដែលសង្ស័យថាមានមេរោគ៕

រូបថត: AFP









