ទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» ដណ្ដើមបានជ័យលាភីលេខ១ ក្នុងការប្រណាំងទូក ង នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ឆ្នាំ២០២៦

ចែករំលែក៖

ខេត្តសៀមរាប៖ ការប្រណាំងទូក ង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសសប្បាយរីករាយ ខណៈទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» មកពីស្រុកសូទ្រនិគម ទទួលបានជ័យលាភីលេខ១ ។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

យោងតាមគណៈកម្មការរៀបចំការប្រណាំងទូក បានឱ្យដឹងថា ការប្រកួតរយៈពេល៣ថ្ងៃនេះ មានទូកខ្នាតអន្តរជាតិចូលរួមសរុបចំនួន២០ទូក មកពីខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ និងខេត្តកណ្ដាល។ ក្រៅពីនេះ ក៏មានទូកផ្កាចារចំនួន១៩ទូក ទូកនាគចំនួន១៨ទូក និងទូកយុវជនចូលរួមអុំជាកិត្តិយស និងបង្កើតបរិយាកាសកម្សាន្តក្នុងពិធីផងដែរ។

 

សម្រាប់លទ្ធផលនៃការប្រកួតក្នុងវិញ្ញាសាទូកនាគអន្តរជាតិ ជ័យលាភីលេខ១ បានទៅលើទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» លេខ២ ទូក «ពេជ្រកុមារសែនជ័យ» មកពីខេត្តកណ្ដាល និងលេខ៣ ទូក «រាកល្យាណីបារមីនាងកែវប្រាំពីរពណ៌» របស់ស្រុកពួក។

 

ចំណែកវិញ្ញាសាទូកផ្កាចារ ជ័យលាភីលេខ១ បានទៅលើទូក «ពេជ្រកុមារសែនជ័យ» មកពីខេត្តកណ្ដាល លេខ២ ទូក «នាងកែវមុន្នីមានជ័យបារមីប្រាសាទអធ្វា» មកពីសង្កាត់សៀមរាប និងលេខ៣ ទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ»។

 

ដោយឡែក ក្នុងវិញ្ញាសាទូក ង ជ័យលាភីលេខ១ បានទៅលើទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» មកពីស្រុកសូទ្រនិគម លេខ២ ទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» មកពីសង្កាត់សៀមរាប និងលេខ៣ ទូក «សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ» មកពីខេត្តបន្ទាយមានជ័យ។

 

ក្នុងឱកាសប្រកាសបិទការប្រកួត លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះ ដែលបានប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយមិនមានឧបទ្ទវហេតុអវិជ្ជមានកើតឡើងឡើយ។

 

លោកអភិបាលខេត្ត បានកោតសរសើរចំពោះស្មារតីកីឡា ការតស៊ូប្រឹងប្រែង និងសាមគ្គីភាពរបស់កីឡាករទូកគ្រប់ក្រុម ដែលបានចូលរួមប្រកួតប្រជែងដោយស្មារតីទទួលខុសត្រូវ និងគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាព និងសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍខេត្តសៀមរាបលើគ្រប់វិស័យ។

 

ជាមួយគ្នានេះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាពិសេសយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងពិធីបុណ្យជាតិ-អន្តរជាតិនានានាពេលកន្លងមក។

 

ទន្ទឹមនឹងការអបអរសាទរចំពោះក្រុមទូកដែលទទួលបានជ័យលាភីលេខ១ លេខ២ លេខ៣ និងលេខ៤ លោកក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមកីឡាករដែលមិនទាន់ទទួលបានជ័យលាភី ឱ្យបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅឆ្នាំបន្តបន្ទាប់ទៀត។

 

ព្រឹត្តិការណ៍ប្រណាំងទូកនៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប មិនត្រឹមតែជាការអភិរក្ស និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ជំរុញសកម្មភាពកម្សាន្ត និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៃខេត្តសៀមរាបផងដែរ។

...

 

បន្ថែមពីនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប សូមប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព និងស្មារតីសាមគ្គីភាព ក្រោមម្លប់សន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា លើទឹកដីអង្គរដ៏បវររបស់យើង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print