ខេត្តកំពង់ធំ÷ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅវាលក្រោមតំបន់សរសរ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅវេលាម៉ោង ២១ និង០៥នាទី ថាមានក្រុមជនសង្ស័យប្រមាណ ៧នាក់ កំពុងធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការកង ឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកងកម្លាំងចំនួន ៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ចេញធ្វើប្រតិបត្តិការបង្ក្រាបភ្លាមៗ។
ជាលទ្ធផល កងកម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១. ម៉ូតូចំនួន ៧គ្រឿង
២. ម៉ូទ័រដុំឆក់ត្រីចំនួន ៧គ្រឿង
៣. ដងឆក់ត្រីចំនួន ៧គូ
៤. អាគុយចំនួន ៧ធុង
៥. ត្រីប្រមាណ ៥គីឡូក្រាម។
មធ្យោបាយ សម្ភារៈ និងវត្ថុតាងទាំងអស់ខាងលើ នឹងត្រូវប្រគល់ជូនសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបន្តការស្រាវជ្រាវ កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងចាត់ការតាមនីតិវិធីច្បាប់។
ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានថ្លែងអំណរគុណដល់កងកម្លាំងបានបន្តយកចិត្តទុកដាក់លើការងារចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទាំងពេលថ្ងៃ និងពេលយប់។
ប្រតិបត្តិការនេះបានបង្ហាញពីស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់កងកម្លាំង ក្នុងការអនុវត្តភារកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ សំដៅការពារធនធានមច្ឆជាតិ អភិរក្សជីវៈចម្រុះ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ការចូលរួមសហការ និងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាព។
រួមគ្នាការពារធនធានមច្ឆជាតិ អភិរក្សបឹងទន្លេសាប និងបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់៕
ដោយ៖ សុរិយា










