កងកម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដោយឃាត់ និងដកហូតទូកអូសលៀសខុសច្បាប់ចំនួន ២០ទូក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កង កម្លាំងចម្រុះ និងមន្រ្តីជំនាញ បង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមាន កម្លាំងយោធភូមិភាគទី៥ កម្លាំងការិយាល័យទី២ កងទ័ពជើងគោក កម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី៥ សរុបចំនួន ១៨នាក់ បានបន្តប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប។

 

ជាលទ្ធផល កងកម្លាំងចម្រុះបានឃាត់ទូកអូសលៀសចំនួន ២០ទូក ដែលបានធ្វើសកម្មភាពអូសលៀសដោយប្រើប្រាស់ម៉ាស៊ីនជ្រៀងកែច្នៃខុសច្បាប់ និងធ្វើសកម្មភាពនេសាទនៅក្រៅតំបន់ដែលបានអនុញ្ញាត។

 

ក្នុងប្រតិបត្តិការនេះ កងកម្លាំងចម្រុះបានអប់រំណែនាំដល់ប្រជានេសាទឱ្យយល់ដឹងអំពីការអនុវត្តច្បាប់ស្តីពីជលផល និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទដោយខុសច្បាប់ ព្រមទាំងដកហូតទូកអូសលៀសចំនួន ២០ទក យកមករក្សាទុកជាបណ្តោះ អាសន្ននៅទីស្នាក់ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

 

ការប្រើប្រាស់ឧបករណ៍អូសលៀសខុសច្បាប់ ជាពិសេសឧបករណ៍ដែលបំពាក់ដោយម៉ាស៊ីនកែច្នៃ អាចបង្កផលប៉ះពាល់ដល់ស្រទាប់បាតបឹង ជម្រកសត្វទឹក ធនធានមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

 

ការបន្តពង្រឹងប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកស្រកនេះ គឺសំដៅទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការពារធនធានធម្មជាតិ និងលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព សំដៅធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅថហងៃអនាគត។

 

រួមគ្នាគោរពច្បាប់ជលផល បញ្ឈប់ការនេសាទខុសច្បាប់ និងការពារបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print