James Jirayu និងកញ្ញា Bella Ranee ជួបអ្នកគាំទ្រផ្ទាល់នៅថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះពីររូបរបស់ព្រះរាជាណាចក្រថៃគឺលោក James Jirayu និងកញ្ញា Bella Ranee នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីជួបអ្នកគាំទ្ររបស់ពួកគេ។ ប្រិយមិត្តអ្នកគាំទ្រ តារាភាពយន្តថៃខាងលើនឹងនៅតែអាចជួបផ្ទាល់ជាមួយពួកគេទាំងពីរបាននៅផ្សារទំនើបអ៊ីអន នៅថ្ងៃអាទិត្យនេះ បើទោះជាគ្មានសំបុត្រ VIP ក៏ដោយ។

កម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» នឹងបើកទូលាយទៅដល់សាធារណជន ក៏ដូចជាប្រិយមិត្តទាំងឡាយដែលស្រឡាញ់ និងគាំទ្រកំពូលតារាទាំងពីរដួងនេះ ដើម្បីចូលរួមលេងហ្គេមកំសាន្ត និងជួបផ្ទាល់ជាមួយពួកគេ។  James និង Bella នឹងមកដល់ទឹកដីកម្ពុជាដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅឯផ្សារទំនើបអ៊ីអន ទីតាំង Daylight Plaza វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល។

ដំណើរមកដល់របស់ពួកគេគឺតបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ភីអិនអិនដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ក្រោយពីមានការសំណូមពរយ៉ាងច្រើនពីសំណាក់ប្រិយមិត្តកម្ពុជាមកកាន់ភីអិនអិន។ នៅមុនការមកដល់របស់កំពូលតារាសម្តែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ លោក James Jirayu និងកញ្ញា Bella Ranee ក៏បានបង្ហាញពីក្តីរំភើបរបស់ខ្លួនជាខ្លាំងមុនជំនួបជាមួយប្រិយមិត្តកម្ពុជាតាមរយៈការផ្ញើវីដេអូឃ្លីបរបស់ពួកគេមកពីប្រទេសថៃ។ នៅក្នុងវីដេអូឃ្លីបរួមគ្នាអ្នកទាំងពីរបាននិយាយថា៖ «សួរស្តីអ្នកគាំទ្រទាំងអស់គ្នានៅកម្ពុជា ពួកយើងនឹងទៅជួបអ្នកនៅកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នេះហើយ។ ពួកយើងទន្ទឹងចាំជួបអ្នកទាំងអស់គ្នា! ជួបគ្នាក្នុងពេលឆាប់ៗនេះណា!»។

ភីអិនអិនបានរៀបចំកម្មវិធីផ្សងសំណាងមួយចំនួនដើម្បីប្រិយមិត្តទទួលបានសំបុត្រVIPចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ដែលបានធ្វើឡើងតាំងពីខែកញ្ញា។ រហូតមកដល់ពេលនេះភីអិនអិនបានរកឃើញអ្នកឈ្នះសំបុត្រVIP រួចរាល់ហើយ។ ប្រិយមិត្តដែលឈ្នះសំបុត្រVIP សូមទៅទទួលសំបុត្រនៅអគារ LYP Group ដែលមានអាសយដ្ឋានផ្ទះលេខ៣៤៤ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៦ ដល់៨ តុលា ឆ្នាំ២០១៦ ដោយភ្ជាប់ជាមួយនូវប័ណ្ណសម្គាល់ខ្លួន និងលេខទូរស័ព្ទ។

យ៉ាងណាមិញ សម្រាប់អ្នកដែលមានបំណងចូលរួមកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ នឹងនៅតែអាចចូលរួមជួបផ្ទាល់ជាមួយកំពូលតារាភាពយន្តថៃទាំងពីរបានដោយសេរី នៅផ្សារទំនើបអ៊ីអន ទីតាំង Daylight Plaza ចាប់ពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍PNNផងដែរ៕

thai-8thai-6 thai-7 thai-11 thai-12 thai-10 thai-9 thai-2 thai-5 thai-4 thai-1 thai-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print