ខេត្តពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចែករំលែករូបភាព «សត្វកែះ» ដែលលោកបានឃើញផ្ទាល់ភ្នែកនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកបានបញ្ជាក់ថា សត្វកែះ ញី ឈ្មោល ត្រូវបានថតនៅស្ពានតេជោសន្តិភាពឫស្សីជ្រុំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមបញ្ជាក់បញ្ជាក់ថា សត្វកែះ (Southern Serow) គឺជាប្រភេទថនិកសត្វកម្រ ដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងស្ថិតក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស (CITES)។ សត្វប្រភេទនេះមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា ប៉ុន្តែមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត។
លក្ខណៈរូបរាង និងជីវសាស្ត្រ៖
រូបរាង៖ កែះមានសម្បុរខ្មៅប្រផេះ រោមវែងស្តើង ដងខ្លួនខ្លី និងមានជើងវែងៗទាំងបួន (ផ្នែកក្រោមជង្គង់មានពណ៌ចម្រុះ ខ្មៅ ប្រផេះ លឿង)។ នៅលើពំនូកក្បាលដល់ស្មាមានរោមរឹងវែងៗសណ្ឋានដូចប្រែង ហើយមានស្នែងពណ៌ខ្មៅដុះកោងទៅក្រោយបន្តិចប្រវែងប្រហែល ២៨០ មីលីម៉ែត្រ ព្រមទាំងមានគន្លាក់ៗជារង្វង់នៅគល់ស្នែង។
ទីជម្រក និងការរស់នៅ៖ វាចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង និងផ្ទាំងថ្មខ្ពស់ៗចោតៗ ដោយសារវាមានជើងយ៉ាងចំណាប់ក្នុងការឡើងផ្ទាំងថ្ម។ នៅពេលថ្ងៃវាសម្រាកតាមគុម្ពោតព្រៃក្រាស់ ឬយករូងភ្នំរាក់ៗធ្វើជាជម្រក ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់ ដោយស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។
ការបន្តពូជ៖ រដូវបន្តពូជប្រព្រឹត្តទៅនៅចន្លោះខែតុលា ដល់ខែធ្នូ ដោយពពោះរយៈពេល ៧ ខែ និងបង្កើតកូនបាន ១ ក្បាល (កម្រមានកូនភ្លោះណាស់) ហើយកូនរស់នៅជាមួយមេស្ទើរពេញមួយឆ្នាំទើបចាកចេញ។
ការគំរាមកំហែង៖
បច្ចុប្បន្ន សត្វកែះកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ និងការបាត់បង់ពូជយ៉ាងខ្លាំង ដោយសារតែការបាត់បង់ទីជម្រក ការដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់ ដើម្បីយកសាច់ ឆ្អឹង និងស្នែង សម្រាប់ជួញដូរតាមជំនឿ ៕
ប្រភព ៖ អភិបាលខេត្តពោធិ៍សាត់










