អត្តពលិកជាង១ពាន់នាក់ រួមគ្នារត់ ដើម្បីសុខភាព និងសប្បុរសធម៌ នៅខេត្តស្វាយរៀង ក្រោមអធិបតីភាពសម្ដេច ម៉ែន សំអន

ចែករំលែក៖

ភ្នំពេញ៖ បរិយាកាសនៅជុំវិញរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង បានប្រែក្លាយជាទីលាននៃក្តីរីករាយ សាមគ្គីភាព និងថាមពលយ៉ាងក្លៀវក្លា តាមរយៈវត្តមានអត្តពលិកជាតិ និងអន្តរជាតិ យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១០០០ នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌»។
ព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌ដ៏មានអត្ថន័យនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង គឺជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងគោលបំណងផ្សារភ្ជាប់សកម្មភាពកីឡា សុខភាព និងការងារសប្បុរសធម៌ ទៅនឹងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សម្ដេច ម៉ែន សំអន បានសម្ដែងនូវការកោតសរសើរ ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរខេត្តស្វាយរៀង ដែលបានបង្កើតវេទិកាជួបជុំដ៏មានតម្លៃនេះឡើង។ សម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា ស្មារតី «រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌» មិនត្រឹមតែជំរុញឱ្យមហាជនស្រឡាញ់ការហាត់ប្រាណដើម្បីសុខុមាលភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជាសាររម្លឹកថា ពលរដ្ឋកម្ពុជាគ្រប់រូបសុទ្ធតែមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍខ្លួនដើម្បីសម្រេចគោលដៅជីវិត។
ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានរំលេចនូវសច្ចភាពប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា ការរីកចម្រើន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយចៃដន្យឡើយ។ កត្តាសុខសន្តិភាព ការឯកភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលប្រសូតចេញពីជ័យជម្នះ ៧ មករា ១៩៧៩ និងនយោ បាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការបន្តវេនដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុរេលក្ខខណ្ឌដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ឱ្យស្របតាមខ្លឹមសារនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តកាលពី ៧៨ឆ្នាំមុន ពោលគឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ឱ្យបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ជាពិសេសបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លាន ពានរបស់បរទេស។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំកម្មវិធី សប្បុរសជន វិស័យឯកជន ក្រុមគ្រូពេទ្យ កងកម្លាំងមានសមត្ថកិច្ច និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធាន រួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» នៅលើទឹកដីខេត្តស្វាយរៀង ប្រព្រឹត្ត ទៅដោយភាពរលូន ជោគជ័យ និងពោរពេញដោយអត្ថន័យជាប្រវត្តិសាស្ត្រ៕

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print