ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទុក ដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយជៀសវាងការបោះចោលសំរាមចូលទៅក្នុងលូ និងប្រឡាយ ដែលជាដើមចមចម្បងធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹក និងបង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្ទះគំរូ «ឃីងវីឡា (King Villa)» និងបើកការដ្ឋានសាងសង់សួនឧទ្យាន «Mekong Park» លើផ្ទៃដីទំហំ៥ហិកតា របស់បុរី មេគង្គលែន (Mekong Land) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចក្ខុវិស័យទីក្រុងស៊ីវិល័យ និងការគាំទ្រវិស័យឯកជន ក្នុងពិធីនោះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការរស់នៅក្នុងបរិបទសង្គមស៊ីវិល័យនាពេលបច្ចុប្បន្ន ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជាទីក្រុងស្អាត និងមានបរិស្ថានបៃតង។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍របស់បុរី មេគង្គលែន ដែលមិនត្រឹមតែផ្តោតលើការសាងសង់លំនៅឋានប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគិតគូរយ៉ាងល្អិតល្អន់ដល់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតសួនឧទ្យាន Mekong Park ទំហំ ៥ហិកតា ដើម្បីជួយកាត់ បន្ថយជាតិពុល និងផ្តល់ជាទីតាំងហាត់ប្រាណដ៏ល្អប្រសើរសម្រាប់សាធារណជន។
លោកបានបញ្ជាក់ថា៖ «វិស័យឯកជន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងមិនអាចខ្វះបាន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើរជូនដល់វិនិយោគិន និងប្រជាពលរដ្ឋទូទៅ»។
លោក ឃួង ស្រេង ក៏បានរំលេចពីការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពស្វាហាប់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនិរន្តរភាពថែរក្សា «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ឱ្យសម្រេចបានសមិទ្ធផលធំៗជាច្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមបាវចនាទាំង ៥ គឺ៖ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីទាំងព្រំដែនគោក និងព្រំដែនទឹក ដោយឈរលើគោលការណ៍ «ទន់ភ្លន់ តែមិនទន់ជ្រាយ» និងទទួលបានជោគជ័យជាបន្តបន្ទាប់លើសមរភូមិការទូត។
លោក ជាម ឃុនណាត អគ្គនាយកបុរី មេគង្គលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន (KNN) បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិ និងមូលដ្ឋានគ្រឹះនៃការកសាងបុរី មេគង្គលែន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រគម្រោងលំនៅឋានរបស់ក្រុមហ៊ុនរហូតមក៕
ដោយ៖ សំរិត









