ខេត្តកំពត៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចភូមិ១ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដោយក្មេងប្រុសចំនួន ២ នាក់ បានរងគ្រោះដោយសារឆក់ខ្សែភ្លើង បណ្ដាលឱ្យម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង ២ នាក់ខាងលើ បានប៉ះពាល់ជាមួយខ្សែភ្លើងដែលមានចរន្តអគ្គិសនីឆ្លងកាត់ បណ្ដាលឱ្យឆក់ភ្លាមៗតែម្ដង។ ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងក្រុមគ្រួសារ បាននាំគ្នាជួយសង្គ្រោះបឋម ប៉ុន្តែជាអកុសល ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកឯម្នាក់ទៀតរងរបួស។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើត ហេតុ ដើម្បីធ្វើការពិនិត្យ កត់ត្រា និងធ្វើកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ទន្ទឹមនឹងហេតុការណ៍នេះ អាជ្ញាធរ អំពាវនាវដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានកូនចៅតូចៗ និងត្រូវត្រួតពិនិត្យបណ្ដាញខ្សែភ្លើងក្នុងផ្ទះ ឬទីធ្លាជុំវិញឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតមានឡើង៕
ដោយ៖ សុរិយា










