ខេត្តសៀមរាប៖ អ្នកជំនាញបុរាណវិទ្យា ២រូបរួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួស ជុលខ្លោងទ្វារទី៣ផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងកាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូលកណ្តាលខាងកើតពី សំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំ ថ្ងៃនិងសង្គ្រោះរចនាសម្ព័ន្ធប្រាសាទដែល កំពុងរងការហានិភ័យ។
បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុករបស់អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រីនិងសេចក្តីណែនាំជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី៤-៥ ខែ មិថុនា ឆ្នាំ២០១៥កន្លងមកនាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ដែលទាក់ទងនឹងអនុសាសន៍ខាងលើគឺគម្រោងទី១ជួសជុល ច្រកចូលខាងជើងខ្លោងទ្វារខាងកើតក្នុង កំពែងទី៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។
នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួន២កន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាតដោយប្រើរយ:ពេលជួសជុល៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ខាងមុខ។
លោក សារាយ គឹមហួល ជាបុរាណវិទូ បាននិងកំពុងដឹកនាំដំណើរការជួស ជុលដោយផ្អែកលើបច្ចេកទេស និងបទ ពិសោធន៍លើការងារជួសជុលប្រាសាទ កន្លងមកនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ នេះលោកបានបញ្ជាក់ថា មូលហេតុ នៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារនិងភាគខ្លះនៃកំពែងប្រាសាទបណ្តាល មកពីកត្តាធម្មជាតិគួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសប្ញសដើមឈើធំៗបានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុតទ្រេតនិងប្រេះចេញពីទម្រង់ដើម។
គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗធ្វើឡើងដោយសន្សឹមៗនិងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្មនិងពេលរំកិលថ្មចេញពីស្រទាប់ដើមហើយ បន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំងនិងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ។ ចំណែក ថ្មដែលបានរុះរើកន្លងមកតម្រូវការចាំបាច់ជួសជុលនិងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបាន កំណត់។
ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បា៉លមាណ គឺអ្នកជំនាញតោងតែគោរពខ្ជាប់ខ្ជួនដើមី្បរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារនិង ប្រវត្តិនៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្នរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់ និងសាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម។
អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅរចនាសម្ព័ន្ធជាច្រើនទៀតនៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី១០មកនេះមានការទ្រុឌទ្រោមច្រើនតែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជា អាទិភាព។
ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈសាងសង់ឡើងក្នុងឆ្នាំ៩៦៧ នៃ គសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទ នេះត្រូវបានរកឃើញនិងអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ១៩១៦។ចាប់ពីឆ្នាំ១៩២៤មកសាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃនិងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំតាមបច្ចេកទេសអាណាស្ទីឡូក៏បានចាប់ផ្តើមឡើងដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃPrambananនៅផ្នែក កណ្តាលកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី។ ការជួសជុលពេលនោះធ្វើឡើងទៅលើ ប្រាសាទកណ្តាលនិងរចនាសម្ព័ន្ធខ្លះៗតែនៅមានរចនាសម្ព័ន្ធជាច្រើនទៀតដែលមិនទាន់បានជួសជុលហើយទាមទារការអភិ រក្សជួសជុលជាបន្តទៀត៕
ដោយ៖ ហេង សូរិយា