ខេត្តក្រចេះ៖ រថយន្តកាមេរីបាឡែនមួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តមេឈ្មួញល្បីឈ្មោះ ផយ ពក មានផ្ទុកឈើអារលេខ១សុក្រំពេញគូថបានក្រឡាប់ផ្ងាជើងចូលព្រៃ កាលពីប្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នៅក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ចំណែកអ្នកបើកបររថយន្ត សំណាងល្អមិនមានគ្រោះថ្នាក់ ហើយបានលូនចេញពីរថយន្តរួចគេចខ្លួនបាត់ ។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ លោក ស្រូយ ធី បានឱ្យដឹងតាមទួរស័ព្ទថា ក្រោយពីហេតុការណ៍ក្រឡាប់រថយន្តដឹកឈើ ដែលបង្កឡើងដោយខ្លួនឯងនេះរួចមក រថយន្ត១គ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចស្ទូចយកទៅរក្សាកទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង ។ លោកថា នៅក្នុងរថយន្តកាមរីបាឡែនកែច្នៃ ពណ៌ទឹកប្រាក់គ្មានស្លាកលេខ គឺមានផ្ទុកឈើអារលេខ១សុក្រំ មានចំនួន២៥ដុំធំៗ ស្មើរនិងជិត២ម៉ែត្រគូប ។
លោកបន្តថា រថយន្តដឹកឈើនេះគឺបើកបរក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៧ ហើយរថយន្តដឹកធ្ងន់ លុះមកដល់កន្លែងកើតហេតុក៏ផ្ទុះកង់ក្រោយ រេចង្កូតក្រឡាប់ចូលព្រៃតែម្តង តែសំណាងល្អអ្នកបើកបរគឺមិនមានគ្រោះថ្នាក់នោះទេ ហើយបានវាយកញ្ចក់រថយន្តបំបែក រួចលូនចេញពីរថយន្ត រត់គិចខ្លួនចូលព្រៃបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដឹកឈើ១គ្រឿងនេះ មិនដឹងថា ជាកម្មសិទ្ធរបស់ជនណានោះទេ គ្រាន់តែដឹងថា ក្រោយពីកើតហេតុភ្លាមគេឃើញមានរថយន្ដ (NESSAN NAVARA) មួយគ្រឿងពណ៌សរ បើកមករេរាំងបម្រុងរំដោះរថយន្ដដឹកឈើ១គ្រឿងនេះ តែត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថស្នាក់ការ៧០៧ចុះទៅដល់កន្លែងកើតហេតុ ជននោះក៏បានបើករថយន្តគេចបាត់ ។
យ៉ាងណាក៏ដោយ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្ដដឹកឈើនេះ ជារបស់ថៅកែឈើដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ ផយ ពក មានទីលំនៅភូមិកន្ទូត ឃុំកន្ទូត ស្រុកចិត្របូរី ។ ប្រភពបន្តថា ជារៀងរាល់ថ្ងៃថៅកែឈើឈ្មោះ ផយ ពក តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ឃុំថ្មី ស្រុកចិត្របុរី បន្តឆ្ពោះចូលទៅស្រុកស្នួល យកទៅលក់នៅប្រទេសវៀតណាម ។
ប្រភពពីសមត្ថកិច្ចបាននិយាយថា រថយន្តដឹកឈើដែលក្រឡាប់នេះ ជារថយន្តចុងក្រោយ ក្នុងចំណោមរថយន្តដឹកឈើ៣គ្រឿង របស់មេឈ្មួញឈ្មោះ ផយ ពក ចំណែករថយន្ត២គ្រឿងទៀត ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់បង្ក្រាបជាបន្តបន្ទាប់ កាលពីពេលថ្មីកន្លងទៅនេះ ។
ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើក្រចេះបាននិយាយថា សកម្មភាពដឹកឈើរបស់មេឈ្មួញឈ្មោះ ផយ ពក អាចនិងស្ងប់ស្ងាត់មួយរយៈ ព្រោះរថយន្តដឹកឈើទាំង៣គ្រឿង ក្នុងនោះមាន២គ្រឿង ត្រូវបានចាប់បង្ក្រាប ចំណែក១គ្រឿងចុងក្រោយនេះ គឺបើកក្រឡាប់ដោយខ្លួនឯង ។ តែមេឈ្មួញម្នាក់នេះ អាចនិងទិញរថយន្តផ្សេងទៀត យកមកកែច្នៃសម្រាប់ដឹកជញ្ជូនឈើល្មើសច្បាប់យកទៅលក់នៅប្រទេសវៀតណាមបន្តទៀត៕
ដោយ៖ កោះទ្រុង