នាយគ្រឿន និងសាត រស្មី រំពឹងខ្ពស់លើរឿង”ត្រកូលអ្នកប្រដាល់”

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តថ្មីរបស់ផលិតកម្មLD Picture រឿង«ត្រកូលអ្នកប្រដាល់»បានប្រារព្ធពិធីសម្ពោធយ៉ាងអធឹកអធ័មនៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនម៉ល។ តារាសម្តែងនាយគ្រឿន និងតារាសម្តែងនាង សាត រស្មីដែលជាតួឯកក្នុងរឿងនេះបានបង្ហាញពីជំនឿចិត្តខ្ពស់ចំពោះខ្សែភាពយន្តនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

នាយគ្រឿន បញ្ជាក់ថា នេះគឺជារសជាតិសម្តែង និងសាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា ក្នុងរឿងនេះលោកសម្តែងជាតួអង្គភេទទី៣ដែលត្រូវឪពុកបង្ខំឲ្យហាត់រៀនជាអ្នកប្រដាល់ដើម្បីស្នងត្រកូលរបស់ខ្លួនខណៈដែលខ្លួនចង់ក្លាយជាអ្នកចម្រៀង។ លោកបន្តថា អារម្មណ៍របស់លោកបានប្រែប្រួលក្រោយសង្សាប្រុសក្បត់ចិត្ត ហើយងាកមកស្រលាញ់ស្រីជាកូនស្រីម្ចាស់ក្លិបប្រដាល់វិញដើម្បីតម្រូវចិត្តឪពុកតួស្រីនិងសង្សាស្រីរបស់ខ្លួនវិញរហូតទទួលបានជោគជ័យ។ លោកថា អ្វីដែលធ្វើឲ្យទស្សនិកជនជក់ចិត្តនោះគឺខ្សែភាពយន្តនេះមានឈុតឆាកកំប្លែងជាច្រើន។ លោករំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

តារាសម្តែង សាត រស្មីដែលទើបនឹងទទួលយកការសម្តែងជាថ្មីបានដាក់ក្តីរំពឹងខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែជាប្រភេទខ្សែភាពយន្តដែលទស្សនិកជន ពិសេសក្រុមយុវវ័យចូលចិត្តមើលខ្សែភាពយន្តបែបកំប្លែង។ អ្នកនាងបញ្ជាក់ថា ខ្សែភាពយន្តរឿង”ត្រកូលអ្នកប្រដាល់”នេះមានការចូលរួមសម្តែងពីតារាសម្តែង តារាកំប្លែងជាច្រើនរូបជាមួយនឹងគុណភាពនៃការផលិតខ្ពស់ដែលមិនធ្វើឲ្យអ្នកទស្សនាខកចិត្តទេ។

លោកលៀក លីដា បញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលអស់ច្រើនខែខ្សែរឿង«ត្រកូលអ្នកប្រដាល់»ក៏ត្រូវសម្រេចដាក់បញ្ចាំងនៅខែតុលានេះតាមការគ្រោងទុក។ លោកថា រឿងនេះចំណាយអស់ប្រមាណជាង៦ម៉ឺន និងគម្រោងដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី១៣ តុលាតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ រឿងនេះមានការរំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ ដោយសារតែផ្ទៃរឿងទាំងមូលគឺលោកបានតម្រូវឲ្យតួអង្គនាយគ្រឿន និងតួអង្គនាយសុបិន្តដែលធ្លាប់តែមានចរឹកប្រុស សម្ដែងជាតួភេទទី៣ខុសប្លែកពីមុន។ លោករំពឹងយ៉ាងខ្លាំងថា ឱកាសដាក់បញ្ចាំងនៅថ្ងៃទី១៣ តុលា នឹងមានអ្នកទិញសំបុត្រចូលមើលច្រើន ដោយសារតែភាពខ្លាំងការប្រមូលផ្ដុំដោយតួអង្គល្បីៗនៅក្នុងរឿងនេះ។

គួរបញ្ជាក់ដែរថា វត្តមានតារាល្បីៗដែលចូលរួមពិធីសម្ពោធខ្សែមានដូចជា នាយគ្រឿន កញ្ញាទឹម រដ្ឋា លោក សឿន វីតា លោក ឆានុត ឆៃយ៉ា កញ្ញា ម៉ាក់សែន សូនីតា កញ្ញា គៀត សុវណ្ណាឡាង អ្នកនាងសាត រស្មី នាយBIG លោកប៉ីប៉ីឌី លោកងួន សុបិន្ត អ្នកនាងខ្ញុង នាយចឺម និងតារាល្បីៗក្មេងចាស់ប្រុសស្រីយ៉ាងច្រើន ទៀត ៕

img_2777 img_2757 img_2739 img_2893 img_2880 img_2841 img_2824 img_2899 img_2918 img_2925 img_2929 img_2879 img_2843 img_2975 img_2949 img_2962

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print