ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ងត៍ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ បានលោតចុះពីរថយន្តរបស់នគរបាល ដែលកំពុងនាំខ្លួនទៅកាន់តុលាការនោះ រត់គេចខ្លួនដោយសុវត្ថិភាព ។
ករណីនេះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរបានអស់សំណើចគ្រប់ៗគ្នា មិនគួរណាគេនាំគ្នាធ្វេសប្រហែស បណ្តោយឲ្យជនសង្ស័យដែលមានដៃជាប់ខ្នោះ រត់គេចខ្លួនដោយសុវត្ថិភាពសោះ ។
គេនៅមិនទាន់ដឹងថា តើជនសង្ស័យដែលរត់ខ្លួននេះ ជាប់ពាក់ព័ន្ធករណីបទល្មើសអ្វីនៅឡើយទេ ។
ទោះយ៉ាងណាប្រភពពីមន្ត្រីនគរបាលខណ្ឌដង្កោបានលួចបង្ហើបឲ្យដឹងថា ខណៈដែលសមត្ថកិច្ចដឹកអ្នកទោស៤នាក់ យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសដែលមានតែមន្ត្រីនគរបាលការពារតែ២នាក់ ហើយនៅពេលធ្វើដំណើរមកដល់វត្តនន្ទមុន្នី ខណៈស្ទះចរាចរណ៍ស្រាប់តែជនសង្ស័យម្នាក់ដែលជិះខាងមុខបានលួចបើកគន្លិះទ្វាររថយន្តរត់ចេញទាំងដៃជាប់ខ្នោះធ្វើឲ្យពេលនោះមន្ត្រីនគរបាលការពារទាំង២នាក់ រត់ទៅដេញចាប់ជនសង្ស័យរូបនេះបានមកវិញតែ ឆ្លៀតឱការនោះជនសង្ស័យម្នាក់ជិះខាងក្រោយ(ពាក់ព័ន្ធគ្រឿងញៀន)បានលោតចុះពីលើរថយន្តចេញខ្លួនដោយសុវត្ថិភាពតែម្តង។
មកដល់ពេលនេះសមត្ថកិច្ចចម្រុះកំពុងស្រាវជ្រាវនិងរុករកជនសង្ស័យដែលរតគេចខ្លួនយ៉ាងសកម្មនោះ៕
ដោយ៖ ថាច់ យ៉ាត