ភ្នំពេញ៖ តារាកំប្លែងបងប្អូន គឺនាយពែកមី និងនាយគ្រឿន បានធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មីជាមួយនឹងបទចម្រៀងថ្មីរបស់លោកគឺបទ”កំពូលល្ងង់នៅអាស៊ី” របស់ផលិតកម្ម Galaxy។ ការលេចចេញការគាំទ្រនេះគឺមុនពេលដែលខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់ផលិតកម្មខាងលើត្រៀមខ្លួនចាក់បញ្ចាំងលើរោងភាពយន្ត។
ការបង្ហាញបទចម្រៀងថ្មីក្នុងផលិតកម្ម Galaxyនេះបានធ្វើឲ្យមានការសង្ស័យថា បងប្អូនតារាកំប្លែងរូបនេះបានចាកចេញពីផលិតកម្មថោន ដើម្បីច្រៀងឲ្យផលិតកម្មថ្មី ប៉ុន្តែបើតាមការបញ្ជាក់របស់ពួកគេលើកឡើងថា គឺគ្រាន់តែជាការថតបទចម្រៀងសម្រាប់ដាក់បញ្ចូលក្នុងខ្សែភាពយន្តរឿង”កំពូលល្ងង់នៅអាស៊ី”ប៉ុណ្ណោះ ហើយពួកគេក៏មិនមែនជាតារាចម្រៀងកុងត្រាសម្រាប់ផលិតកម្មណាដែរ។
លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានអះអាងថា នាយពែកមី និងនាយគ្រឿន ទទួលច្រៀងបទនោះនៅក្នុងផលិតកម្មរបស់លោក មិនមែនក្នុងន័យមកធ្វើជាតារាចម្រៀងរបស់ផលិតកម្មលោកនោះទេ គឺដោយសារតែតារាទាំងពីរជាតារាសម្ដែងក្នុងរឿង«កំពូលល្ងង់នៅអាស៊ី»ដែលផលិតកម្មរបស់លោកផលិតឡើងប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថា បទនោះក្រៅពីដាក់ក្នុងភាពយន្ត ក៏នឹងដាក់បញ្ចូលក្នុងផលិតកម្មចម្រៀង ដើម្បីវាយលុកទីផ្សារសម្រាប់បទថ្មីរបស់ផលិតកម្មចម្រៀងដូចគ្នា។
លោកនិយាយថា នាយពែកមី និងនាយគ្រឿន នៅតែជាតារាចម្រៀងរបស់ផលិតកម្មថោនដដែលទេ ប៉ុន្តែមកពីអ្នកទាំងពីរទទួលការអនុញ្ញាតឲ្យថតបទ«កំពូលល្ងង់នៅអាស៊ី»សម្រាប់ដាក់ក្នុងរឿង និងដើម្បីធ្វើបទថ្មីរបស់ផលិតកម្មចម្រៀង ទើបបទមួយនេះត្រូវបានច្រៀងឡើង។ លោកថា បទនេះជាស្នាដៃនិពន្ធថ្មីទាំងស្រុង ហើយដោយមានអត្ថន័យកំប្លុកកំប្លែងនោះផង ទើបស្នាដៃមួយនេះ ទទួលការចាប់អារម្មណ៍រហូតមានការចាប់អារម្មណ៍តារាទាំងពីរប្រហែលជារត់មកធ្វើជាតារាចម្រៀងផ្ដាច់មុខឲ្យផលិតកម្មរបស់លោកវិញ។
លោកថា បទចម្រៀងមួយនេះ នឹងសម្រេចធ្វើMVមួយថ្មី ដោយមិនស្រង់យកឈុតក្នុងរឿង«កំពូលល្ងង់នៅអាស៊ី»យកមកដាក់បែបនេះទៀតទេ ដើម្បីបទមួយនេះកាន់តែមានការគាំទ្រនៅក្នុងវិស័យចម្រៀង។ លោកនិយាយថា ដោយសារបទនេះ ជាបទថ្មីរបស់ផលិតកម្ម Galaxy ហើយតារាកំប្លែងទាំងពីរច្រៀង ទើបអ្នកខ្លះយល់ច្រឡំ ប៉ុន្តែការពិតលោកពែកមី និងគ្រឿន នៅតែជាតារាចម្រៀងរបស់ថោនដដែលទេ ។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា បទ«កំពូលល្ងង់នៅអាស៊ី»មិនមែនជាបទទី១របស់ផលិតកម្ម Galaxy ដែលត្រូវបានមហាជនចាប់អារម្មណ៍នោះទេ ដ្បិតពេលកន្លងមកបទចំនួន៣ដូចជាបទ«សង្សារស្រីខារ៉ាអូខេ» បទ«អច្ចារ្យស្នេហាអ្នកប្រដាល់» ច្រៀងដោយលោក ម៉ារ៉ា ប៊ុណ្ណា និងបទ«យល់តែអារម្មណ៍ខ្លួនឯង»ច្រៀងដោយរូបលោកផ្ទាល់ ក៏ទទួលបានការគាំទ្រដូចគ្នាបែបនេះផងដែរ។ លោកថា ក្នុងពេលដ៏ខ្លីខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» ដែលថតជិតចប់នឹងត្រូវដាក់បញ្ចាំង ហើយបទ«កំពូលល្ងង់នៅអាស៊ី»ក៏នឹងមានMVមួយថ្មីដាច់ដោយឡែកពីឈុតក្នុងរឿង ដើម្បីឆ្លើយតបនឹងការគាំទ្រនោះផងដែរ។ ក្រោយការផលិតខ្សែភាពយន្តខ្នាតធំលើកដំបូងនេះផលិតកម្មនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តនេះនៅតាមរោងភាពយន្តនានានៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕
https://youtu.be/js0J52y80Hs
ដោយ៖ វឌ្ឍនា