ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញតារាងបញ្ជីនៃការមកដល់របស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិទាំង៣ប្រទេសមានក្រុមឡាវ ប្រ៊ុយណេ និងទីម័រ ខាងកើតដែលនឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីត្រៀមប្រកួតវគ្គជម្រុះឈានទៅដណ្តើមកៅអីវគ្គ៨ក្រុមនៃពាន រង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF Suzuki Cup ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ។
ក្នុងវគ្គប្រកួតជម្រុះឈានទៅដណ្តើមពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2016 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះក្នុងជំនួបទី១ការប្រកួតនៅថ្ងៃទី១៥ ខែតុលា គឺក្រុម ប្រ៊ុយណេត្រូវជួបជាមួយក្រុមទីម័រខាងកើតនៅវេលាម៉ោង៣និង៣០នាទីរសៀលហើយក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវប៉ះជាមួយក្រុមឡាវ នៅវេលាម៉ោង៦និង៣០នាទីល្ងាចនៅទីលានពហុកីឡដ្ឋានជាតិ ។
ប្រកួតលើកទី២ នៅថ្ងៃទី១៨ ខែតុលាក្រុមទីម័រខាងកើតត្រូវជួបប្រកួតជាមួយឡាវនៅវេលាម៉ោង៣និង៣០នាទីរសៀលចំណែកក្រុមប្រ៊ុយណេ ត្រូវប៉ះជាមួយកម្ពុជានៅម៉ោង៦និង៣០នាទី ល្ងាចលើទីលានពហុកីឡដ្ឋានជាតិនិង ប្រកួតចុងក្រោយថ្ងៃទី២១ ខែតុលា ក្រុម ឡាវ និងជួបប្រ៊ុយណេ នៅវេលាម៉ោង៣ និង៣០នាទីរសៀលនៅទីលានកីឡដ្ឋាន RSN Stadium ចំណែកឯកម្ពុជាប៉ះជាមួយ ទីម័រខាងកើតវេលាម៉ោង៣និង៣០នាទី រសៀលនៅទីលានពហុកីឡដ្ឋានជាតិ ។
គួររំលឹកថា ការប្រកួតនេះតម្រូវយកតែ១ក្រុមដែលមានពិន្ទុច្រើនជាងគេសម្រាប់ឡើងទៅលេងក្នុងពូល B ជាមួយក្រុមមី យ៉ាន់ម៉ាជាម្ចាស់ផ្ទះឬក៏ម៉ាឡេស៊ី និងវៀត ណាម ។
ប្រភពខាងលើបានឲ្យដឹងថា សហព័ន្ធនិងដាក់លក់សំបុត្រសម្រាប់ចូលទស្សនាការប្រកួតវគ្គជម្រុះ AFF Suzuki Cup 2016 នេះចាប់តាំងពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិតម្លៃសំបុត្រមានចំនួន២ប្រភេទគឺតម្លៃ១០.០០០រៀល និងតម្លៃ ៥.០០០ រៀល៕
ដោយ៖ សារីម