កីឡាករ Tiger Woodsបានធ្វើឲ្យភ្ញាក់ផ្អើលក្នុងពិភពកីឡាវាយកូនហ្គោលបន្តទៀតដោយសារតែ គាត់បានសម្រេចចិត្ត មិនចូលរួមការប្រកួត Safeway Open។
អតីតកីឡាករលំដាប់លេខមួយពិភពលោកវ័យ៤០ឆ្នាំនេះមិនបានចូលរួមប្រកួតអស់រយៈពេល១៤ខែមកហើយ។ គាត់គ្រោងនឹងវិលត្រលប់មកលេងវិញនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ក្នុងកម្មវិធី Safeway Open ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋ អាមេរិក។ ប៉ុន្តែកីឡាករ Tiger Woodsបានប្រកាសថាគាត់ពុំទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនោះទេ ។
កីឡាករស្បែកខ្មៅអាមេរិកាំងWoodsបាននិយាយថា “និយាយដោយស្មោះត្រង់ទៅគឺខ្ញុំពុំទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ ការប្រកួតនៅក្នុងកម្មវិធី PGA Tour ឬក៏កម្ម វិធីនៅក្នុងប្រទេសទួរគីនោះទេ។ សុខភាព របស់ខ្ញុំល្អហើយខ្ញុំមានអារម្មណ៏ល្អ។
ពេលខ្ញុំប្រកាសកាលពីសប្តាហ៏មុនថាខ្ញុំនឹងទៅលេងនៅក្នុងកម្មវិធី Safeway ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងដោយចង់ទៅលេងក្នុងកម្មវិធីនោះ។ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាខ្ញុំពុំទាន់អាចលេងជាមួយនឹងកីឡាករល្អៗ លំដាប់ពិភពលោកបាននោះទេ។”
Woodsបានថ្លែងនូវក្តីសោកស្តាយថា “ខ្ញុំមានការសោកស្តាយណាស់ដែលមិនបានទៅលេងនៅកម្មវិធី Safeway និង Turkish Airlines Open ហើយខ្ញុំសុំទោស ចំពោះអ្នកគាំទ្រនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងប្រទេសទួរគីដែលមិនបានឃើញ ខ្ញុំលេង។ ខ្ញុំមិនចង់ឲ្យមានរឿងបែបនោះកើតឡើងឡើយ ហើយខ្ញុំនឹងបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីអាចចូលលេងបាននៅក្នុងកម្មវិធីវាយកូនហ្គោលផ្សេងៗទៀត”៕
ដោយ៖ ដេវីត