ខេត្តពោធិ៍សាត់៖ កម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ និងប្រជាពលរដ្ឋប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់កាលពីសម័យសង្គ្រាមដ៏រ៉ាំរ៉ៃរបស់កម្ពុជាពីតំបន់នានាចំនួន ២៦គ្រាប់ កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៦ តាមតំបន់នានា ស្ថិតក្នុងភូមិប្រហាល ភូមិសំសាន្ត ភូមិព្រែកកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណរឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានឱ្យដឹងថា កិច្ចសហការរវាងកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) កម្លាំងសមត្ថកិច្ចនគរបាលស្រុក ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋខាងលើ លទ្ធផលប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នៅកាលពីសម័យសង្គ្រាមបានចំនួន២៦គ្រាប់ ។
លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា រយៈពេល ២ថ្ងៃកន្លងមកនេះ កម្លាំងប្រមូលបានគ្រាប់ទាំង២៦គ្រាប់ ជាប្រភេទគ្រាប់ដូចជា ដេកា ៨២មីលីម៉ែត្រចំនួន៣គ្រាប់, គ្រាប់៦០មីលីម៉ែត្រចំនួន៣គ្រាប់, គ្រាប់៧២អា ១គ្រាប់, គ្រាប់ ប៉េហ្សេចំនួន១៧គ្រាប់, មីន៦៩ចំនួន២គ្រាប់ ។
លោកបន្តទៀតថា គ្រាប់ទាំង២៦គ្រាប់នេះបានប្រមូលមកពីតំបន់នានាខាងលើ ខណៈដែលប្រជាពលរដ្ឋធ្វើស្រែចំការប្រទះឃើញនាពេលកន្លងមក ហើយអាជ្ញាធរមានសមត្ថកិច្ច បានរក្សាទុកនៅម្ដុំៗផ្សេងៗគ្នាតាមតំបន់នានាដូចបានរៀបរាប់ខាងលើ រួចហើយយើងធ្វើការផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋទៅលេងក្បែរ ឬកែច្នៃផ្សេងៗដើម្បីរង់ចាំ និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញដើម្បីចុះមកទទួលយកទៅចាត់ការតាមបច្ចេកទេស ហើយគ្រាប់ទាំងអស់ត្រូវបានប្រគល់ឱ្យទៅកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) ដើម្បីចាត់ការ ៕
ដោយ៖ ប៉ឹម ពិន