ខេត្តកណ្តាល៖ កុមារីអាយុ១៤ខែម្នាក់បានស្លាប់យ៉ាងអណោចអាធ័ម នៅក្នុងទឹកលូ តម្កល់រានទេវតា កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កុមារីរងគ្រោះ ឈ្មោះ ស៊ូ សេងអ៊ី អាយុ១៤ខែ ឪពុកជាកម្មករសំណង់ ម្តាយលក់ដូរកំប៉ិចកំប៉ុកនៅផ្ទះ ។
នគរបាលប៉ុស្តិ៍បន្ទាយដែកបាន អោយដឹងថា តាមការបំភ្លឺរបស់ក្រុមគ្រួសារ នៅថ្ងៃកើតហេតុ កុមារីរងគ្រោះត្រូវម្តាយទុកអោយនៅផ្ទះជាមួយបងៗ២នាក់ទៀត ព្រោះម្តាយរវល់ទៅផ្សារ និងឪពុកទៅធ្វើការសំណង់ ពេលត្រឡប់មកផ្ទះវិញ ក៏បាត់កូនតូច គ្រានោះម្តាយបានសួរទៅកូន២នាក់ ហើយត្រូវកូន ប្រាប់ថា កុមារីរងគ្រោះលេងទឹកលូរតម្កល់រានទេវតា ។ ដោយមានការសង្ស័យម្តាយ បានមកមើលទឹកលូ ស្រាប់តែឃើញកូនស្រីលង់ទឹកលូរស្លាប់បាត់ទៅហើយ ។
លោកវង សែ អធិការរងទទួលការងារ ព្រហ្មទណ្ឌស្រុកបានអោយដឹងថា ករណីនេះ ពិតជាលង់ទឹកប្រាកដមែន ដោយសំអាងទៅលើការបំភ្លឺរបស់ក្រុមគ្រួសារ និងអ្នជិតខាង មិនមានពាក់ព័ន្ធករណីផ្សេង នោះទេ ៕
ដោយ៖ សណ្តោស