ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី លោក ឃុំ សុខន ប្រធានក្រុមប្រឹក្សាស្រុកបរកែវ និងលោក ចំ ទៀន អភិបាលរងស្រុកបរកែវ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ នៅអធិការដ្ឋានស្រុកបរកែវ ខេត្តរតនគិរី។
នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីលោកវរសេនីយ៍ឯក ឆេងសុភា បានអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងនោះផ្ទេរភារកិច្ចលោកអនុសេនីយ៍ឯក សោម ចាន់ដារ៉ា ពីអធិការរងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកអធិការរងស្រុកបរកែវ ខេត្តរតនគិរី។ រីឯមន្ត្រីនគរបាលត្រូវតម្លើងឋានន្តរស័ក្តិមានអនុសេនីយ៍ទោ ៣នាក់ អនុសេនីយ៍ត្រី២នាក់ ព្រិន្ទបាលឯក៣នាក់ ព្រិន្ទបាលទោ៣នាក់ ពលបាលឯកម្នាក់ និងថ្នាក់ពលបាលទោ៣នាក់។
មានមតិផ្តាំផ្ញើក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានលើកឡើងពីការខិតខំប្រឹងប្រែងធ្វើការងាររបស់កម្លាំងនគរបាលស្រុកបរកែវ មានស្នាដៃល្អ នាពេលកន្លងមក ហើយការតម្លើងស័ក្តិថ្ងៃនេះគឺជាការខិតខំរបស់បងប្អូន។ ដោយឡែកការផ្ទេរភារកិច្ចរបស់លោក សោម ចាន់ដារ៉ា មកទីនេះដើម្បីប្រសិទ្ធភាពការងារថែមទៀតព្រោះអង្គភាពមានការមមាញឹកដូចជាចូលរួមការពារមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានធ្វើការណែនាំឲ្យលោកអធិការរងទើបផ្លាស់មកនិងមន្ត្រីនគរបាលទើបតម្លើងឋានន្តរស័ក្តិត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អគោរពឋានានុក្រម គោរពវិន័យនគរបាលជាតិធ្វើការបម្រើជាតិបម្រើប្រជាពលរដ្ឋ ពោលគឺគ្មានថ្ងៃបុណ្យ គ្មានថ្ងៃអាទិត្យនោះទេ៕

ដោយ៖ វុទ្ធឦសាន
...