សារព័ត៌មានកូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា មន្ត្រីយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ ខែតុលា បានឯកភាពគ្នាសហការទប់ទល់នឹងកូរ៉េខាងជើង។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាងរក្សាការអត់ធ្មត់មិនត្រូវមានសកម្មភាពខ្វះការទទួលខុសត្រូវនោះឡើយ ។
នៅក្នុងសេចក្តីប្រកាសមេបញ្ជាការកងទ័ពអាមេរិកលោក Joseph F. Dunford និងសមភាគីកូរ៉េខាងត្បូងលោក Lee Sun Jin ព្រមទាំងជប៉ុនលោក Katsutoshi Kawano បានឈានដល់កិច្ចព្រមព្រៀង ខាងលើនៅក្នុងជំនួបពិភាក្សាត្រីភាគីនៅ
ទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីយោធាប្រទេសទាំង៣ក៏បានពិភាក្សាទៅលើការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងលើកទី៥ក៏ដូចជាគម្រោងសាកល្បងជាបន្តទៀត។
មន្ត្រីយោធាប្រទេសទាំង៣បានបញ្ជាក់ថា ការសាកល្បងគ្រាប់បែកបរមាណូគឺជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសទាំងនោះនឹងសហការយ៉ាងជិតស្និទ្ធដើម្បីទប់ទល់សកម្មភាពរបស់កូរ៉េខាជើង។
កិច្ចសហការរបស់ប្រទេសទាំងបីកើតឡើងក្នុងពេលដែលស្ថានការណ៍នយោបាយនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃអាចផ្ទុះសង្គ្រាមកើតឡើងគ្រប់ពេលវេលា៕
ប្រែសម្រួល៖ ម៉ែវ សាធី










