ខេត្តសៀមរាប៖ បែកធ្លាយព័ត៌មានថាចៅក្រមស៊ើបសួរសាលាដំបូងខេត្តលោក សំ ប៊ុនពៅ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានសម្រេចចេញដីកាដោះលែងមន្ត្រី ប្រដាប់អាវុធខេត្តកំពង់ធំម្នាក់ ដែលកាង បទល្មើសឈើគ្រញូងនិងរារាំងសមត្ថកិច្ច ឱ្យនៅក្រៅឃុំ ដោយដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
គួរបញ្ជាក់ថា ជនសង្ស័យដែលតុលាការឱ្យដោះលែងនោះមានឈ្មោះសេង ប៊ុនតេង មានតួនាទីវរសេនីយ៍ទោ និងជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៏ត្រីហង្ស ថុល ប្រហែលជាដាក់លុយតម្កល់ឱ្យតុលាការច្រើនហើយ ទើបនៅដើរលែងក្រៅឃុំបានយ៉ាងរំភើយ ធ្វើឱ្យមហាជនបានរិះគន់ទៅលើស្ថាប័ន តុលាការថា បើមានលុយគឺមានអ្វីៗទាំង អស់ ។ ចំណែកអ្នកអត់លុយឬអ្នកក្រត្រូវ ដេកក្នុងគុករហូតដល់ស្លាប់ ។
លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរ សាដំបូងខេត្តសៀមរាបពុំបានបរិយាយ ច្រើនទេនៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៦ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ពិតជា ដោះលែងមែន ។ បើចង់ដឹងច្បាប់សូម មកកាន់តុលាការហើយសួរទៅតំណាង អយ្យការចុះ ។
សូមរំឭកថា លោកស័ក្តិ៤ សេង ប៊ុន តេង បានត្រូវលោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបចេញ ដីកាឃុំខ្លួនកាលពីល្ងាចថ្ងៃ៩ ខែសីហា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ចំនួន២ ទី១-រារាំងកិច្ចការមន្ត្រីរដ្ឋបាលព្រៃឈើ តាមមាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើ និង ទី២-សមគំនិតក្នុងអំពើដឹកជញ្ជូន និង ប្រមូលផលអនុផលព្រៃឈើ តាមមាត្រា ៩៨ ខណ្ឌ២ ចំណុច៥ ស្តីពីច្បាប់ព្រៃឈើ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ ។
មន្ត្រីប្រដាប់អាវុធពាក់ស័ក្តិ៤ឈ្មោះសេង ប៊ុនតេង កាលពីម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី៩ ខែសីហាឆ្នាំ២០១៦ ត្រូវសមត្ថ កិច្ច រដ្ឋបាលព្រៃឈើសៀមរាបចាប់ក្របួច វាយខ្នោះហើយរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្ទាប់ពីជននេះបើក រថយន្តរបស់ខ្លួនកាងរថយន្តដឹកឈើ គ្រញូង រាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ។ ទង្វើនេះធ្វើឡើងចាប់ ពីម៉ោង៤ជិតភ្លឺ ថ្ងៃទី៩ ខែសីហា តាំងពី ចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥ និង៣០នាទីព្រឹកថ្ងៃដដែល ទើបចាប់បាន នៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទ បាគងខេត្តសៀមរាប ។
បន្ទាប់ពីចាប់ខ្លួន លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបាន ឱ្យដឹងថា មូលហេតុដែលឈានទៅដល់ការចាប់ឃាត់ខ្លួនលោកស័ក្តិ៤នេះ ដំបូងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្តដឹកបទល្មើស ព្រៃឈើ១គ្រឿង(ដឹកឈើគ្រញូង) ។ ខណៈ នោះលោកស័ក្តិ៤ប៉េអឹមរូបនេះបានបើក រថយន្តធុនឡិចសីុស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ2L-9861 ពណ៌ខ្មៅមកពាំងពីមុខ រថយន្តសមត្ថកិច្ច ។ រថយន្តលោកប៉េអឹម១គ្រឿងនេះបើករេេពេញថ្នល់ ពាំងឆ្វេងស្តាំធ្វើឱ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿង មិនអាចឡើងស្ទាក់ចាប់រថយន្តដឹកបទល្មើសបាន ។ ក្នុងគ្រាដែលសមត្ថកិច្ចនៅតែបន្ត ដេញចាប់រថយន្តដឹកបទល្មើសមន្ត្រីរូបនេះបានហៅរថយន្តបក្ខពួករបស់គេ១គ្រឿង ទៀតម៉ាកកាមរីឆ្លាម មកជួយរាំងផ្លូវរហូត រថយន្តដឹកបទល្មើសរត់គេចបាត់ ។
លោកបន្តថា ក្នុងស្ថានការនោះតំណាងអយ្យការអមសាលាដំបូងខេត្តបញ្ជាឲ្យចាប់ រថយន្តដែលរារាំងដំណើរការបង្ក្រាបបទល្មើស របស់សមត្ថកិច្ច ហើយក្រុមសមត្ថកិច្ចក៏បានដេញស្ទាក់ចាប់រថយន្តឡិចសីុសរបស់ ប៉េអឹមរូបនេះឆ្វែលពេញក្រុងសៀមរាប រហូតដល់ចំណុច ភូមិស្វាយជ័យ ឃុំត្រពាំង ធំ ស្រុកប្រាសាទបាគងទើបចាប់បាន ។
ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីប៉េអឹម ខាងនេះ គឺបានដកហូតរថយន្តឡិចសីុស ៤៧០មួយគ្រឿង អាយកូម១គ្រឿង ស្រោម កាំភ្លើងខ្លីចំនួន២ ខ្នោះដៃចំនួន២ សាង គ្រាប់កាំភ្លើងចំនួន៣ គ្រាប់កាំភ្លើងខ្លីម៉ាកឡុក១៤គ្រាប់និងកង់សាគួរថយន្តចំនួន២។
ក្រោយពេលចាប់ខ្លួនលោកស័ក្តិ៤ប៉េអឹមឈ្មោះសេង ប៊ុនតេង ក៏ធ្លាយព័ត៌មានថា ប៉េអឹមរូបនេះក្រៅពីចេញចាប់បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗដើម្បីទារ ប្រាក់នៅក្នុងទឹកដីខេត្តកំពង់ធំ រូបគេក៏ជាមេខ្លោងដ៏ធំម្នាក់ដែលតែងតែយកតួនាទី ទៅកាងរថយន្តដឹកបទល្មើសឈើគ្រញូង ពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង ខេត្តសៀមរាបផងដែរ ដោយនាំយកទៅកាន់ព្រំប្រទល់ប្រទេសវៀតណាមឯខេត្តត្បូងឃុំ ។ ការនាំក្បួនរថយន្តដឹកបទល្មើសព្រៃឈើ របស់លោកឈ្មោះសេង ប៊ុនតេង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះក៏ធ្លាប់បង្កគ្រោះ ថ្នាក់រហូតបាត់បង់ជីវិតមនុស្សផងដែរ ។ មិន តែប៉ុណ្ណោះក្បួនរថយន្តដឹកឈើគ្រញូង របស់គេក៏ធ្លាប់ជួបប្រទូស្ថរ៉ាយជាមួយ សមត្ថកិច្ចតាមដងផ្លូវ ក្នុងខេត្តចំនួន៣ ខាងលើផងដែរ។ ក៏ប៉ុន្តែរាល់ពេលកើត ហេតុម្តងណារូបគេជួបសំណាងល្អរហូត ដោយសារតែសមត្ថកិច្ចតាមដងផ្លូវទាំងនោះ ខ្លាចអំណាចអ្នកនៅក្រោយខ្នងលោកស័ក្តិ៤រូបនេះ ។
លុះពេលត្រូវចាប់ខ្លួនមហាជនបាន លើកឡើងថា ម្តងនេះគេមិនដឹងថា វាសនា លោកស័ក្តិ៤ទៅជា យ៉ាងណា…? ត្រូវដេក គុកយូរឬឆាប់ ។ ប៉ុន្តែបើតាមក្រសែភ្នែកដែលបង្ហាញអំពីការមិន តក់ស្លុតរបស់គេនៅពេលចាប់ខ្លួនអាចដេកក្នុងគុកមិនបានយូរក៏អាចថាបាន ។ ក្រុម មនុស្សទាំងនោះរួមទាំងអ្នកខេត្តសៀមរាបផង ក៏បានទទូចសុំឲ្យស្ថាប័នច្បាប់អនុវត្តលើជនសង្ស័យ (អតីតប៉េអឹម)ឲ្យបាន តឹងរឹុង ។
មហាជនទាំងអស់ដែលធ្លាប់បានដឹងរឿងលោកប៉េអឹមខាងលើនាំគ្នាកោត សរសើរវិញថា គាត់ពិតជាខ្លាំងមែន ឃុំខ្លួន ថ្ងៃទី៩ ខែសីហា រួចខ្លួននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦វិញ ៕
ដោយ៖ ប៊ុន រិទ្ធី














