ខេត្តកោះកុង៖ មកដល់ពេលនេះសំណង់គ្មានច្បាប់ដែលរំលោភសាងសង់លើដីព្រែក នៅចំណុច ក្រោយសណ្ឋាគារកោះកុងបេយ៍ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទនៅតែបន្តលួចសាងសង់ដដែល ខណៈដែលមន្ទីររៀបចំដែនដី នគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តកោះកុង បានចេញលិខិតហាមឃាត់មិនឲ្យមានការសាងសង់បន្តទៀត ។
ប្រជាពលរដ្ឋខេត្តកោះកុងបានលើកឡើងថា ក្នុងការលួចសាងសង់សំណង់គ្មានច្បាប់ខាងលើរបស់លោក ស៊ួ វីរៈ មិនមែន ខាងអាជ្ញាធរ និងសមត្ថកិច្ចជំនាញមិនដឹង នោះទេ តែជាការឃុបឃិតគ្នា ។ ជាក់ស្តែង លិខិតហាមឃាត់ដែលចេញពីមន្ត្រីជំនាញ មិនឲ្យមានការសាងសង់សំណង់ទេ តែ សំណង់ខាងលើនៅតែបន្តសាងសង់ស្ទើរ រួចរាល់ជាស្ថាពរទៅហើយ ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ មន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់បានធ្លាប់ថ្លែងថា លោកនឹងមិន អនុញ្ញាតិឲ្យបុគ្គលណាម្នាក់រំលោភបំពាន ទៅលើដីធ្លី ឬជាកម្មសិទ្ធិណាមួយដែលជា របស់រដ្ឋដាច់ខាត។ តែជាក់ស្តែងសំណង់ គ្មានច្បាប់របស់លោក ស៊ូ វីរៈ ដែលគេស្គាល់ ថា ជាឧកញ៉ាពាក់ផ្កាយ២រូបនេះ បានសង់ រំលោភបំពានទៅលើដីព្រែករបស់រដ្ឋយ៉ាងច្បាស់ក្រឡែត តែខាងជំនាញមិនទាន់មានចំណាត់ការណាមួយឲ្យបានជាក់លាក់នៅឡើយទេ ដែលជាហេតុធ្វើឲ្យគេសង្ស័យថា ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងអាជ្ញាធរ និងមន្ត្រីជំនាញ ។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុង ខេមរៈភូមិន្ទបានថ្លែងឲ្យថា ពាក់ពាន់នឹងរឿងសំណង់គ្មានច្បាប់ខាងលើលោកពុំបាន ដឹងនោះទេ ព្រោះខាងមន្ទីរជំនាញ ពុំបានសុំកម្លាំងសហការពីខាងលោកនោះទេ ហេតុដូច្នេះលោកពុំអាចចុះហាមឃាត់បានទេ ។ លោកជំរុញឲ្យសួរទៅខាងមន្ទីររៀបចំដែនដីខេត្តវិញ ។
ដោយឡែកលោក រស់ វីរ៉ាវុធ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយ៍កម្មសំណង់ និង សុរិយោដីខេត្តកោះកុង បានប្រាប់ថា លោកបានចេញលិខិតហាមឃាត់រួច ហើយ តែភាពរីងរូសរបស់ម្ចាស់សំណង់ ចេះតែលួចសាងសង់ជាបន្តបន្ទាប់បែបនេះ ពិតជារឿងដែលពិបាកខ្លាំងណាស់ ហើយលោកនឹងចាត់ឲ្យមន្ត្រីក្រោមឱវាទចុះទៅ ពិនិត្យ និងហាមឃាត់ម្តងទៀត ៕
ដោយ៖ ហេង នរិន្ទ្រ











