ភ្នំពេញ៖ អតីត Freshy girl លេខ២ ឆ្នាំ២០១០អ្នកនាង ថៃ នារីសុជាតា បានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំមកហើយបន្ទាប់ពីនាងចេញទៅបន្តការសិក្សាផ្នែកសិល្បៈមួយនៅប្រទេសថៃ។ នាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញវត្តមានផ្ដល់ឈាមនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦មុននេះ។
ថៃ នារីសុជាតាត្រូវបានគេស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ២នៃកម្មវិធីប្រឡង Freshy girl ប្រចាំឆ្នាំ២០១០ ហើយនាងគឺជាកូនស្រីលោក ថៃ នរៈសត្យា និងកវីនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះអ្នកស្រី ងិន ម៉ានីយ៉ា ។
អ្នកស្រី ងិន ម៉ានីយ៉ា កវីនិពន្ធបទចម្រៀងដ៏ល្បីដែលត្រូវជាម្តាយបង្កើតបានបញ្ជាក់ថា ការបាត់មុខរបស់ ថៃ នារីសុជាតា មួយរយៈធំកន្លងមកនេះ ដោយសារតែនាងត្រូវទៅសិក្សាផ្នែកសិល្បៈនៅប្រទេសថៃ ហើយនាងនឹងត្រឡប់មកក្នុងវិស័យសិល្បៈវិញ។
អ្នកស្រីនិយាយថា”ជាតា ទើបត្រឡប់មកពីថៃវិញ ក្រោយរៀនចប់នៅទីនោះផ្នែក ឌីហ្សាញ និងអ្នកដើរម៉ូដអាជីពនោះ”។
នៅថ្ងៃបរិច្ចាគឈាមកាលពីថ្មីៗនេះ តារាស្រីវ័យជាង២០ឆ្នាំរូបនេះ មិនមែនទៅបរិច្ចាគឈាមតែម្នាក់ឯងឡើយ ពោលគឺជាង១០នាក់ ហើយក្នុងនោះមានវត្តមានមិត្តភក្ដិ ដែលជាអ្នកសិល្បៈដូចគ្នាពីរនាក់ទៀតរួមមានកញ្ញា សន សុធី ពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័ន និងលោក គីម សុងឌីន ដែលជាអ្នកចម្រៀង Original ផងដែរ។ ប្អូនស្រីពៅរបស់ Freshy Boy លេខ១ឆ្នាំ២០១៦ លោក ថៃ នរៈពិទូ រូបនេះបានបំពេញក្រដាសបែបបទ និងឈរតម្រង់ជួរចាំបរិច្ចាគឈាម ក្រោយពេលតារារូបនេះហាក់ដូចជាមិនសូវចូលប្រឡូកក្នុងវិស័យសិល្បៈពេញលេញ បន្ទាប់វិលពីប្រទេសថៃនោះ។
សុជាតា និយាយថា”ខ្ញុំមានទីផ្សារច្រើននៅប្រទេសថៃ ទាំងដើរម៉ូដ និង ឌីហ្សាញ ហើយខ្ញុំទទួលបានការងារជាប្រចាំនៅប្រទេសថៃ ប៉ុន្តែនៅពេលមកស្រុកខ្មែរនេះ ខ្ញុំមិនទាន់បានទាក់ទងការងារនៅឡើយទេ”។
គួរបញ្ជាក់ដែរថា ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈតាំងពីចូលរោងការឆ្នាំ ២០១២ រួចមកនោះ គេមិនដែលសូវបានជួបស្រីស្អាតវ័យក្មេងនេះឡើយ ដោយពេលបង្ហាញខ្លួន លើកចុងក្រោយថ្ងៃខួបកំណើតម្ដាយនាង គឺអ្នកស្រី ងិន ម៉ានីយ៉ា កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាតារាស្រីរូបនេះបញ្ជាក់ថា នាងនឹងវិលមកកាន់ការងារសិល្បៈជាថ្មីក្នុងពេលដ៏ឆាប់ខាងមុខនេះជាមួយនឹងការភ្ញាក់ផ្អើលមួយ៕
ដោយ៖ វឌ្ឍនា























