ខេត្តស្វាយរៀង ៖ ផ្លូវលំជាច្រើនខ្សែ នៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា រងការខូចខាតយ៉ាងដំណំដោយមានភ្លៀងធ្លាក់រាល់ថ្ងៃ ហើយមានរថយន្តដឹកទំនិញយីឌុបភ្លៅប្រាំធុនយក្សធ្វើចរាចរណ៍ដឹកឈើ ដឹកអេតចាយលើសទម្ងន់ បណ្តាលឲ្យខូចបាក់ស្រុតផ្លូវ អាជ្ញាធរគ្មានលទ្ធភាពទប់ស្កាត់ និងការពារបានទើបប្រជាពលរដ្ឋសូមឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ជួសជុល និងស្ថាបនាឡើងវិញ ខណៈដែលអាជ្ញាធរខេត្តគ្មានលទ្ធភាពដោះស្រាយបញ្ហាផ្លូវនេះ ។
ប្រជាពលរដ្ឋ និងកម្មករកម្មការនីរោងចក្ររងទុក្ខលំបាកជាច្រើនឆ្នាំមកហើយ មានអ្នកខ្លះរុញឡាន រុញម៉ូតូដោយសារជាប់ភក់ល្បាប់យ៉ាងលំបាកវេទនា ។
ប្រភពខាងលើបានបន្តទៀតថាផ្លូវលំដែលខូចនេះ អាជ្ញាធរសន្យាថានឹងធ្វើឆ្នាំនេះឆ្នាំនោះ ប្រជាពលរដ្ឋរង់ចាំរហូត ហើយផ្លូវលំខ្លះ ធ្វើគ្មានស្តង់ដា សង្ស័យប្រព្រឹត្តិអំពើពុករលួយ បានតែមួយឆ្នាំឬពីរឆ្នាំត្រូវភ្លៀងក៏រលាយអស់។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាមានតែសម្តេចតេជោ ហ៊ុន សែន ទេអាចជួយដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋបាន។ បើសង្ឃឹមអាជ្ញាខេត្តវិញដូចកាប់បំពង់រង់ចាំទឹកភ្លៀងទោះពលរដ្ឋខំស្រែកហៅឲ្យជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានព្រមទាំង តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ និងសង្គមហ្វេសបុកយ៉ាងណាក៏ដោយ ក៏មិនមានផលរមាស់នោះដែរ ។
លោកធំមួយចំនួនក្នុងខេត្ត បើចុះទៅធ្វើកម្មវិធីអ្វីនៅតាមស្រុកផ្លូវណាលំបាកសុខចិត្តជិះរថយន្តស៊េរីទំនើបៗ វាងផ្លូវនោះ ទោះគោលដៅទៅតាមផ្លូវលំបាកនេះក៏ដោយ ហើយការធ្វើវេទិការសាធារណៈជាមួយប្រជាពលរដ្ឋវិញ មួយចំនួនតូចដោះស្រាយបាន ក៏ប៉ុន្តែមួយចំនួនធំបានត្រឹមតែ និងយកទៅពិភាក្សាបន្តទៀត ។
ប្រជាពលរដ្ឋ និងទន្ទឹងសុំឲ្យសម្តេចតេជោ ហ៊ុនសែន ដែលជិតមកខេត្តស្វាយរៀងនោះ សូមជួយអភិវឌ្ឍន៍ផ្លូវលំឡើងវិញក្នុងទឹកដីស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ព្រមទាំងតាមបណ្តាស្រុក ក្រុង មួយចំនួននៅខេត្តស្វាយរៀងឲ្យពលរដ្ឋធ្វើដំណើបានស្រួលផង ៕
ដោយ៖ យឹម សុថាន