ភ្នំពេញ៖ លោក ចាង អ៊ិឈីន ដែលអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្គាល់ថា ជាគ្រូរ៉េបភាសាចិនល្បីឈ្មោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីក្រុងពាលីថតខ្សែភាពយន្តថ្មីរបស់ផលិតកម្ម Red Picture កាលពីពេលថ្មីៗនេះ។ ខ្សែភាពយន្តដែលលោកចូលសម្តែងគឺរឿង”អាតួកូនឪ”ដែលជាស្នាដៃនិពន្ធដឹកនាំរឿងដោយនាយពែកមី ហើយគ្រូបង្រៀនភាសាចិនរូបនេះរំពឺងថា ទស្សនិកជននឹងចូលរួមគាំទ្រនិងលើកទឹកចិត្តលោកជាមួយស្នាដៃលើកដំបូងនេះ។
ក្រោយពីទទួលការគាំទ្រពីទស្សនិកជន និងសិស្សានុសិស្សដោយការបង្រៀនភាសាបែបចង្វាក់រ៉េប គ្រូភាសាចិនល្បីឈ្មោះ ចង់បង្កើនកេរ្តិ៍ឈ្មោះថែមទៀតក្នុងវិស័យភាពយន្ត ក្រោយមានឱកាសបង្ហាញខ្លួនលើកដំបូង។ គ្រូបង្រៀនភាសាចិនរូបនេះនិយាយថា ការបង្រៀនភាសាចិន បែបចង្វាក់រ៉េប មានភាពកំប្លុកកំប្លែង ប្រកបដោយគំនិតច្នៃប្រឌិន គឺជាអ្វីដែលអ្នកដឹកនាំរឿងមើលឃើញក្នុងវីដេអូឃ្លិប ហើយជ្រើសរើសលោកឱ្យសម្ដែងភាពយន្តលើកដំបូង។ លោកថាក្នុងរឿងដំបូងនេះលោកនឹងត្រូវសម្តែងជាតួអង្គអ្នកសួរចម្លើយអ្នកទោលក្នុងគុកដោយតម្រូវឲ្យលោកច្រៀងរ៉េបរាប់ឈ្មោះអ្នកទោលក្នុងគុកដែលជាឈុតឆាកកំប្លែងក្នុងផ្ទៃរឿងខាងលើ។ លោកមិនទាន់ហ៊ានដាក់ក្តីរំពឹងខ្ពស់យ៉ាងណានៅឡើយទេគឺរងចាំទស្សនិកជនជាអ្នកដាក់ពិន្ទុចុះ ប៉ុន្តែលោកជឿជាក់ខ្លួនឯងថាការសម្តែងខ្សែភាពយន្តមិនមែនជាឧបសគ្គសម្រាប់លោកឡើយគឺលោកអាចធ្វើវាបាន។
លោក ចាង អ៊ិឈិន បង្ហាញក្ដីសប្បាយរីករាយនៅពេលអ្នកដឹកនាំរឿងផ្ដល់ឱកាសឱ្យលោកសម្ដែងភាពយន្តលើកដំបូង។ លោកបន្តថាទោះជាគ្មានបទពិសោធន៍ថតកុនពីមុនមក ក៏ប៉ុន្តែលោកនឹងព្យាយាមសម្ដែងឱ្យបានល្អតាមដែលអាចធ្វើ ព្រោះសិល្បៈគឺជាអ្វីដែលលោកស្រលាញ់ និងចូលចិត្តតាំងពីតូចមកម្ល៉េះ។ យ៉ាងណាក៏ដោយគ្រូបង្រៀនរ៉េបភាសាចិនរូបនេះជឿជាក់ថា ភាពយន្ត”អាតួកូនឪ” ដែលលោកបានសម្ដែងលើកដំបូងនឹងទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ព្រោះសាច់រឿងល្អ និងចូលរួមសម្ដែងដោយតារាល្បីៗ។
លោក ចាង អ៊ិឈីន ជាអតីតគ្រូបង្រៀនភាសាចិននៅឯសាលាចិន ហេងតុង។ ពេលនេះលោកគឺជានាយកសាលាភាសាចិន អ៊ិឈីន ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកគ្រូទទួលការកោតសរសើរជាខ្លាំងពីគំនិតច្នៃប្រឌិតនៃវិធីសាស្រ្តថ្មីបង្រៀនភាសាចិនឆាប់ចេះ តាមរយៈការបញ្ចូលសំឡេងបទភ្លេងចង្វាក់រ៉េបបែបហ៊ីបហប់ ដើម្បីច្រៀងបង្រៀនភាសាចិនដល់សិស្សឲ្យរៀនឆាប់ចេះឆាប់ចាំ ល្បីពេញបណ្ដាញសង្គម Facebook និង Youtube ហើយពេលនេះកំពុងល្បីដល់ប្រទេសចិនដោយសារមានទូរទស្សន៍ល្បីមួយនៅប្រទេសចិនមកធ្វើបទសម្ភាសន៍ពីវិធីសាស្ត្របង្រៀនរបស់លោកផងដែរ។ លោកក៏មានគម្រោងបង្កើតវិធីសាស្ត្រក្នុងការបង្រៀនថ្មីដើម្បីកុំឲ្យសិស្សធុញទ្រាន់នឹងការរៀនផងដែរ៕
ដោយ៖ វឌ្ឍនា