ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ដឹកនាំមន្រ្តីគណៈកម្មាធិការរបស់ក្រសួងរួមនិងអ្នកជំនាញឯកទេសជប៉ុនបានចាប់ផ្តើមចុះត្រួតពិនិត្យស៊ើបអង្កេតចំណុចការដ្ឋានរបស់ក្រុមហ៊ុនផលិតថ្ម លឹម ហេង ភ្នំធំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនោះហើយ ។
ការចុះពិនិត្យនេះនៅក្រោយពីកើតហេតុការណ៍មានកម្មករ៣នាក់កំពុងធ្វើការងារត្រូវថ្មភ្នំបាក់សង្កត់លើបណ្តាលឱ្យស្លាប់ និងអេស្កាត២គ្រឿងមានតម្លៃ៣០ម៉ឺនដុល្លាររង ការខូចខាតទាំងស្រុងកាលពីពេលកន្លងទៅថ្មីៗនេះ។ការចុះត្រួតពិនិត្យស៊ើបអង្កេតបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក ម៉ុក សុភក្រ្តា អគ្គនាយករង នៃនាយកដ្ឋានរ៉ែនិងថាមពល។ គណៈកម្មការ ក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចកើតហេតុ ហើយត្រូវបានមន្រ្តីជាន់ខ្ពស់ ប្រាប់ឱ្យដឹងថា ការធ្វើអាជីវកម្មថ្មភ្នំ របស់ក្រុមហ៊ុនលឹម ហេង មានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំង បើសិន មិនកែតម្រូវបច្ចេកទេសឡើងវិញនោះ។ ក្រោយចំណាយពេលត្រួតពិនិត្យស៊ើបអង្កេត៣ទៅ៤ម៉ោង របស់មន្រ្តីគណៈកម្មការក្រសួងរ៉ែនិងថាមពល នៅការដ្ឋានក្រុមហ៊ុនផលិតថ្ម លឹម ហេងរួចហើយ លោក ម៉ុក សុភក្រ្តា អគ្គនាយករង នៃនាយកដ្ឋានរ៉ែនិងថាមពល ប្រាប់ឱ្យដឹងថា មូលហេតុដែលបង្កបញ្ហាគ្រោះដល់អាជីវិតកម្មករ មកពីកត្តា៣ គឺកត្តា មនុស្ស កត្តាធម្មជាតិ និងបច្ចេកទេស។លោកមិនរៀបរាប់លំអិតទៅលើការស៊ើបអង្កេតនោះបានឡើយរងចាំការស្រាវជ្រាវស៊ើបអង្កេតបានចប់សព្វគ្រប់ ហើយ យកលទ្ធផលនៃការស៊ើបអង្កេតទៅវាយតម្លៃនៅក្រសួងរ៉ែនិងថាមពលនោះសិន ទើបលោកហ៊ានអធិប្បាយ។
ការបាក់ថ្មភ្នំបណ្តាលឱ្យកម្មករ៣នាក់ស្លាប់នោះដែរ ត្រូវបានមន្រ្តីនៃគណៈកម្មាការចុះស៊ើបអង្កេតបង្ហើបប្រាប់ថាថ្មដែលបាក់មកលើកម្មករទាំង៣នាក់ស្ថិតនៅចំណុចកំពូលភ្នំរវាងព្រំប្រទល់អាជ្ញាប័ណ្ណក្រុមហ៊ុន លឹម ហេង និងក្រុមហ៊ុន កូណៃ ក្រុមហ៊ុនទាំង២នេះបានធ្វើអាជីវកម្មជីកកកាយលង់យកថ្មម្ខាងភ្នំរៀងៗខ្លួនខិតជិតមកដល់គ្នា ធ្វើឱ្យជញ្ជាំងថ្មភ្នំនៅមានកំរិតកាន់តែរួមតូចមិនអាចទ្រាំទ្រទម្ងន់បានខណៈដែលមានភ្លៀងធ្លាក់ជាប់ៗគ្នារហូតដល់៦ទៅ៧ថ្ងៃចុងក្រោយផងនោះ ទើបធ្វើឱ្យថ្មភ្នំចំណុចកើតហេតុប្រះផុយជ្រោះទឹកបណ្តាលឱ្យបាក់ថ្មធ្លាក់តែមង។
មន្រ្តីជំនាញបានឡើងដល់ចំណុចកំពូលភ្នំដែលបាក់ ពិនិត្យឃើញថា នៅចំណុចក្បែរនោះ ក៏ឃើញមានស្នាមប្រះរហែកហើយអាចប្រឈមបន្តបាក់ថ្មធ្លាក់បន្ថែមទៀតផង។
សូមបញ្ជាក់ថា ក្រុមហ៊ុន ផលិតថ្ម លឹម ហេង នៅចំណុចភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានធ្វើអាជីវកម្មថ្មភ្នំធំអស់រយៈពេល១៦ឆ្នាំមកហើយ ការធ្វើអាជីវកម្មនោះត្រូវបាន ម្ចាស់ក្រុមហ៊ុន លោក លឹម ហេង ប្រាប់ឱ្យដឹងថា មិនដែលកើតមានបញ្ហាអ្វីនោះទេ។លោកថា ករណីកម្មករស្លាប់ដោយគ្រោះថ្នាក់ថ្មបាក់សង្កត់ លោកក៏មានការសោកស្តាយ ហើយ និងត្រូវ សងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះក្រោយពីពិធីបុណ្យសពបានចប់រួចរាល់។
ក្រុមហ៊ុន លឹម ហេង ត្រូវបានក្រសួងរ៉ែនិងថាមពល ចេញលិខិតព្យួអាជ្ញាប័ណ្ណ ឱ្យផ្អាកសកម្មភាពធ្វើអាជីវកម្មផលិតថ្មទាំងស្រុងមួយរយៈសិន រងចាំគណៈកម្មការរបស់ក្រសួង ស្រាវជ្រាវស៊ើប អង្កេតនិងវាយតម្លៃលទ្ធផលចប់សព្វគ្រប់ ទើបដឹងថាតើឱ្យក្រុមហ៊ុនមួយនេះធ្វើអាជីវកម្មឡើងវិញ រឺក៏ត្រូវបិទអាជីវកម្ម។
សូមរំលឹកថាកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទ១៦ ខែតុលា ឆ្នាំ២០១៦ កម្មករ៤នាក់សុទ្ធតែជាសាច់ញាតិនិងគ្នា ស្លាប់៣នាក់និង ម្នាក់ទៀតរត់គេចពីគ្រោះថ្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់មាន២នាក់ជាឳពុកនិងកូនបង្កើត និងម្នាក់ទៀតជាបងប្អូនជីដូនមួយ រួមនិងអេស្កា២គ្រឿងរងការខូចខាតទាំងស្រុង ដោយថ្មភ្នំធំកម្ពស់ជាច្រើនម៉ែត្របាក់សង្កត់ពីលើជនរងគ្រោះខណៈជនរងគ្រោះកំពុងធ្វើការ។ នៅចំណុចភ្នំធំនោះដែរ មានក្រុមហ៊ុនចំនួន៤ ដែលបានធ្វើអាជីវកម្មជំនួញថ្មភ្នំ រួមមាន ១,ក្រុមហ៊ុនលឹម ហេង ២,ក្រុមហ៊ុនណុប ទូច ៣,ក្រុមហ៊ុន កូ ណៃ និង៤ក្រុមហ៊ុន អ៊ិត លឿ ។
នៅថ្ងៃដដែលនោះគណៈកម្មការមកពីក្រសួងរ៉ែនិងថាមពល ក៏បានបន្តចុះទៅត្រួតពិនិត្យការដ្ឋានលិតថ្មក្រុមហ៊ុនចំនួន៣ទៀតនៅចំណុចភ្នំធំ គឺក្រុមហ៊ុនណុប ទូច ក្រុមហ៊ុន កូណៃ និងក្រុមហ៊ុនអ៊ិត លឿ មន្រ្តីជំនាញក៏បានពិនិត្យឃើញថាការធ្វើអាជីវកម្មយកថ្មរបស់ ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនណុប ទូចនិង ក្រុមហ៊ុន កូណៃ នៅមានបញ្ហាប្រឈមគ្រោះថ្នាក់។ មន្រ្តីជំនាញក៏បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនទាំង២នេះ ត្រូវកែសម្រួលបច្ចេកទេសឡើងវិញដែរ បើមិនដូច្នេះបញ្ហាប្រឈមគ្រោះថ្នាក់នៅតែបន្តកើតមានបន្ថែមទៀតខណៈដែរគេមើលឃើញថានៅក្រុមហ៊ុនណុបទូច ថ្មបានបាក់មកជាបន្តបន្ទាប់ បែរជាប្រធានក្រុមហ៊ុនបកស្រាយប្រាប់គណៈកម្មការក្រសួងរ៉ែនិងថាមពលថាជាកម្ទេចថ្មហូរធ្លាក់ក្រោយការបោសសំអាតពីលើនោះទៅវិញ ។
ក្រុមហ៊ុនកូណៃ បញ្ហាប្រឈម ដុំថ្មីធំបណ្តុបនៅផ្នែកខាងលើភ្នំ អាចងាយធ្លាក់មកបង្កគ្រោះថ្នាក់។ក្នុងនោះមន្រ្តីជំនាញបានណែនាំ ឱ្យក្រុមណុបទូច ត្រូវ កែបច្ចេកទេស មិនតម្រូវឱ្យបំផ្ទុះរឺប្រើអេស្កាបកថ្មនៅផ្នែកខាងក្រោមបន្តទៀតឡើយ ហើយត្រូវធ្វើផ្លូវដើម្បីប្រើអេស្កា បកថ្ម រឺក៏បំផ្ទុះ យកថ្មនៅផ្នែកខាងលើភ្នំនោះវិញ ដោយធ្វើតាមតំណាក់កាលនីមួយៗ ចាប់ពីផ្នែកខាងលើរហូតដល់ក្រោម។ចំណែកក្រុមហ៊ុន កូណៃ វិញ ត្រូវឱ្យកែប្រែបច្ចេកទេស ដោយធ្វើយ៉ាងណាត្រូវស្ទូចរឺបំផ្ទុះដុំថ្មធំនៅផ្នែកខាងលើភ្នំទំលាក់ចុះក្រោមឱ្យអស់ ពីព្រោះដុំថ្មធំៗផ្នែកខាងលើភ្នំវាងាយនិងបាក់ធ្លាក់មកក្រោមជាងបង្កគ្រោះថ្នាក់អាយុជីវិតកម្មករដោយប្រការណាមួយអាចកើតឡើង៕ សំ វិច្ឆិកា