ខេត្តកណ្តាល៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទត្រូវបានកម្លាំងចម្រុះស្រុកពញាឮ រឹបអូសយកមកដុតកម្ទេចចោលក្នុងប្រតិបត្តិការលើផ្ទៃទឹកបង្ក្របបទល្មើសនេសាទ កាលពីពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅគោលដៅ២ផ្សេងគ្នា ក្នុងភូមិសាស្ត្រ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ។
ជាលទ្ធផលក្នុងប្រតិបត្តិការទាំង២ទីតាំងនេះ សមត្ថកិច្ចរឹបអូសបានជាច្រើនប្រភេទ , នៅទីតាំងទី១រឹបអូស បាន ១-សៃយឺុនស្បៃមុង ១៥ មាត់លូ, ២-របាំងព្រួលស្បៃមុង ៣៥០មែត្រ, ៣-បង្គោលតូចធំ ៣២០ដើម, ៤-ចាក់លែងកូន ត្រីចំរុះ ៤៥គីឡូ ស្ថិតនៅចំណុចភូមិកំចាយព្រាយ ឃំុភ្នំបាទ ។ ទីតាំងទី២ រឹបអូសបាន, ១-សៃយឺុនស្បៃ មុង ១១ មាត់លូ, ២-របាំងព្រួល ស្បៃមុង ២៥០មែត្រ, ៣-បង្គោលតូចធំ ២៣០ដើម , ៤-ចាក់លែងកូនត្រីចំរុះ៥០គីឡូ ស្ថិតនៅចំណុចភូមិព្រែកល្វា ឃំុពញ្ញាឭ ។
មន្ត្រីសង្កាត់រដ្ឋបាលជល ផលពញាឮបានឲ្យដឹងថា កន្លងមកកម្លាំងរដ្ឋបាលជលផលសង្កាត់ដោយមានការសហការពីកម្លាំងនគរបាល, កងរាជអាវុធ និងយោធាស្រុកបានចុះបង្ក្រាបជាច្រើនករណីរួចមកហើយ តែអ្នកល្មើសនៅតែល្មើស អ្នកអនុវត្តច្បាប់នៅតែអនុវត្តច្បាប់។ ដោយពិនិត្យឃើញថា បទល្មើសនៅតែមានកម្លាំងចម្រុះបានបើកប្រតិបត្តិការជាថ្មីម្តងទៀតរឹបអូសបានឧបករនេសាទខុសច្បាប់ជាច្រើនប្រភេទនិងព្រលែងកូនត្រីចូលបឹងធម្មជាតិវិញរាប់ម៉ឺនក្បាល ដើម្បីការពារធនធានមច្ឆាជាតិ ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់កម្លាំងចម្រុះនូវរាល់ទីតាំងណាដែលកើតមានបទល្មើសនេសាទខុសច្បាប់ ដើម្បីមានវិធានការចុះបង្ក្រាបក្នុងគោលដៅរួមគ្នាការពារធនធាន និងអភិរក្សមច្ឆាជាតិ ៕
...
ដោយ៖ សណ្តោស