ខេត្តព្រះសីហនុ៖ ដីក្បាលឆាយទំហំជាង៥ពាន់ហិកតា ក្នុងតំបន់ការពារដោយអនុក្រិត្យលេខ៧៦ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ពេលនេះកំពុងត្រូវបានប្រជាពលរដ្ឋដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ រហូតមានការប្ដឹងផ្ដល់គ្នាឡើងទៅតុលាការទៀតផង រីឯអាជ្ញាធរហាក់ធ្វើមិនដឹង ។
ប្រជាពលរដ្ឋយ៉ាងហោចណាស់៤៨គ្រួសារ ដែលអះអាងថា បានមករស់នៅលើផ្ទះដីខាងលើ ក្រោយការចេញអនុក្រិត្យ២ឆ្នាំ គឺកាលពីឆ្នាំ២០០៤នោះ បានឲ្យដឹងថា មានតំណាងរបស់អ្នកស្រី សោម សាវី ដែលស្លាប់ហើយនោះ ៥-៦នាក់ បានមកបណ្ដេញ និងប្ដឹងពួកគាត់ឡើងតុលាការ ដោយគេថា មានប័ណ្ណកម្មសិទ្ធ។ ហើយកាលពីពេលថ្មីៗនេះ មានឈ្មោះ ម៉ម សំអឿន ហៅចាន់ ដែលក៍អះអាងថា ជាតំណាងរបស់ខ្មោចអ្នកស្រី សោម សាវី ដែរ ក៍បានដាក់ពាក្យប្ដឹងប្រឆាំងពួកគាត់ ហើយអ្នកភូមិ៣នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ។
ក្រុមអ្នកភូមិបានទទួលស្គាល់ថា ពួកគាត់ពិតជាបានរស់នៅលើដីរដ្ឋ ដែលមិនមែននៅលើដីបុគ្គលណាទេ។ ដូច្នេះគួរតែរដ្ឋជាអ្នកប្ដឹងពួកគាត់។ ប្រជាពលរដ្ឋមានទំនាស់បានទាមទារឲ្យអាជ្ញាធរ និងមន្ទីរជំនាញចុះមកវាស់វែងឲ្យបានច្បាស់លាស់។
លោក ម៉ម សំអឿន ហៅចាន់ ដែលរងការចោទប្រកាន់ថា បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋនោះបានប្រាប់ ថា លោកពិតជាអ្នកតំណាងឲ្យអ្នកស្រី សោម សាវី ដែលបានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋទាំងនោះ, ប៉ុន្តែលោកពុំបានដឹងថា មានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ហើយផ្ទៃដីទំនាស់នោះមានទំហំប៉ុន្មានទេ ព្រោះលោក ពុំមានឯកសារអ្វីទាំងអស់ គ្រាន់តែដឹងថា ដីក្នុងរបងរបស់លោក ស្រី សោម សាវី បានលក់ឲ្យទៅលោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្ត អស់មួយចំនួនហើយ ត្រង់លក់ចំនួនប៉ុន្មាន នៅសល់ប៉ុន្មាន មានជំលោះជាមួយប្រជាពលរដ្ឋប៉ុន្មានលោកពុំដឹងទេ៕ ឆ្លាមសមុទ្រ