ជើងខ្លាំងវាយមន្ត្រីនគរបាលជានារីហើយជាកូនប្រុសថៅ​កែស្ថានីយចិញ្ចឹមក្រពើនិងជាកូនប្រសារប្រធានគុកខេត្តសៀមរាប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសជើងខ្លាំងប្រើហឹង្សាមកលើមន្រ្តីនគរបាលកំពុងបំពេញការងារដែលជាកូនប្រុសថៅកែស្ថានីយចិញ្ចឹមក្រពើរនិងជាកូនប្រសារប្រធានគុកខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការកោះហៅមកសួរនាំនៅ ស្នាក់ការក្រោយផ្សារញ៉ែ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៥ពីករណីបង្កអំពើហឹង្សាដោយចេតនានិងជេរប្រមាថជាសាធារណៈទៅលើកញ្ញា ព្រិន្ទបាលទោ ទូច មុំ កាលពីថ្ងៃទី០៤ខែសីហាឆ្នាំ២០១៥ ស្ថិតនៅចំនុចមុខគាំពារទារកតាមបណ្តោយមាត់ស្ទឹងខាងលិច ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាខេត្តសៀមរាប ។

លោក ស៊ាន ថ្លា នាយផ្នែកនីតិវិធីនិងសួរចម្លើយ បានប្រាប់ថា ដោយយោងតាមតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទូច មុំ ភេទស្រីអាយុ២៤ឆ្នាំមុខរបរជាមន្ត្រីនគរបាលចរាចរផ្លូវគោក មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានទាមទាជម្ងឺចិត្តចំនួន២០០០ដុល្លាកាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥។លោកបន្តថា ក្រោយពីមានការថ្លែងអំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងក្តៅគគុកមួយមកកាន់សមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាប ឱ្យតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លោកបន្ថែមថា ដូច្នេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការកោះហៅ ជនបង្កប្រើអំពើហឹង្សាដោយចេតនានិងជេរប្រមាថជាសាធារណៈមានឈ្មោះ លឹន ស្នេហ៍គំនិត ហៅធូ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក បានចូលខ្លួនមកបំភ្លឺនៅព្រឹកថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៥ នៅស្នាក់ការក្រោយផ្សារញ៉ែ ដើម្បីសួរនាំ ។

លោកបន្ថែមទៀតថា ក្រោយពីធ្វើការសួរនាំ ជនបង្កបានសារភាពនៅមុខសមត្ថកិច្ចថាខ្លួនពិតជាបានវាយចំនួន២ដៃទៅលើប៉ូលិសស្រីចរាចរនោះពិតប្រាកដមែនដោយសារពេលដែលគាត់បានបើកម៉ូតូឌុបប្រពន្ធព្យាយាមគេចនោះ ត្រូវបានប៉ូលិសស្រីនោះវាយត្រូវគាត់១ដំបង ធ្វើឱ្យគាត់ខឹង ទើបគាត់តដៃវាយវិញដោយដៃទទេចំនួន២ដៃ តែមិនមានរបួសធំដុំនោះទេ រួចទៅផ្ទះ ជិះរថយន្តមកវិញទាមទារក្រដាសផាកពិន័យ តែគេមិនឱ្យ ទើបគាត់ជេរប្រមាថតែម្តងទៅ ។

បច្ចុប្បន្នជនបង្ករត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង២រសៀលថ្ងៃទី០៨ខែសីហាដើម្បីចាត់ការតាមនិតិវិធីច្បាប់។ប៉ុន្តែក្នុងករណីបញ្ជូនទៅដល់តុលាការ ត្រូវបានអយ្យការចេញដេការឱ្យឃុំខ្លួនជនបង្ករដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី០៨ខែសីហានេះ ។

ជុំវិញករណី អំពើហឹង្សាដោយចេតនានិងជេរប្រមាថជាសាធារណៈនោះ លោកសួង សុភា មេធាវីការពារកូនក្តីឈ្មោះ លឹម ស្នេហ៏គំនិតបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៨ខែសីហានេះថា កូនក្តីរបស់លោក បានប្រាប់ថា មុនដំបូងគាត់បានជិម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅគ្មានស្លាកកញ្ចក់និងគ្មានស្លាកលេខ ស្រាប់តែមកដល់ចំនុចកើតហេតុត្រូវបានប៉ូលិសចរាចស្រីនោះបានក្រវាស់ដំបងមកត្រូវគាត់ ទើបគាត់វាយទៅលើប៉ូលិសនោះតែម្តង ដោយសារគាត់ខឹងខ្លាំងពេក ។

លោកបន្តថា ហើយករណីខាងលើនេះមាន២មាត្រាៈមាត្រាទី១/ហឹង្សាស្រាល តាមមាត្រាលេខ២២៨ នៃក្រមព្រហ្មទណ្ឌ ត្រូវផាកពិន័យជាប្រាក់ចាប់ពី៥ពាន់រៀលទៅដល់១០ម៉ឺនរៀល និងមាត្រាទី២/ប្រព្រឹត្តិអំពើហឹង្សាស្រាលនិងជេរប្រមាថ តាមមាត្រាលេខ៣០៧ នៃក្រមព្រហ្មទណ្ឌ ត្រូវផាកពិន័យជាទឹកប្រាក់ចាប់ពី១០ម៉ឺនរៀលដល់១០លានរៀល បូកនឹងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ។ប៉ុន្តែទោសនេះមិនត្រូវបានជាប់ពន្ធនាគារទេគ្រាន់តែពិន័យជាប្រាក់តែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចកោះហៅកូនអ្នកមាន មកសួរនាំ រួចបញ្ជូនទៅដាក់គុកនោះ ត្រូវបានពលរដ្ឋសាទរទៅលើចំណាត់ការរបស់សមត្ថកិច្ចក្នុងការគាំទ្រជាខ្លាំង ព្រោះធ្វើនេះដើម្បីព្រមានដល់កូនអ្នកមានអំណាចមួយចំនួនទៀត ។

តាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានប្រាប់ថា លោក នេតសាវឿនអគ្គស្នងការនគរបាលជាតិជួយឧបត្ថម្ភលុយចំនួន៥០០ដុលា្លនិងលោក សត ណាឌីស្នងការនគរបាលខេត្តបានជួយឧបត្ថម្ភលើកទឹកចិត្តនូវទឹកប្រាក់ចំនួន៥០០ដុលា្លដល់នគរបាលចរាចរស្រីដែលជាជនរងគ្រោះ ដើម្បីជួយសំរាលការព្យាបាលនិងការលើកទឹកចិត្តដល់មន្ត្រីដែលបានបំពេញការងារជំនាញរបស់ខ្លួនបានល្អ ៕

...

ដោយ៖ ឡាំ សុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print