ខេត្តកណ្តាល៖ កម្លាំងចម្រុះមកពីស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល និងព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ។
ប្រតិបត្តិបត្តិការលើផ្ទៃទឹក ទ្រុងទ្រាយធំនេះបានធ្វើឡើងពេញមួយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅតំបន់អតីតដែនឡូត៍នេសាទលេខ១-២-៣-៤-៥-៦ មានភូមិសាស្ត្រជាប់ស្រុកចំនួន៤ គឺស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ។
ក្នុងពេលដែលកម្លាំងចម្រុះ បើកប្រតិបត្តិការទ្រង់ទ្រាយធំនេះដែរ ប្រជានេសាទជាច្រើនគ្រួសារដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំប្រាសាទ ឃុំតាយោ ស្រុកស្អាង បានបើកទូកជាច្រើនគ្រឿងមករារាំងកម្លាំងសមត្ថកិច្ចមិនឲ្យរុះរើឧបករណ៍នេសាទខុសច្បាប់របស់ពួកគាត់ឡើយ ។ ដោយប្រឈមមុខទៅនឹងការរារាំងពីប្រជាពលរដ្ឋរួចមកកម្លាំងចម្រុះបានសម្រេចដកឃ្លាថយព្រោះខ្លាចកើតមានហិង្សារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ។
ទោះជាប្រឈមនិងបញ្ហានៅចំពោះមុខក៏ដោយ សមត្ថកិច្ចជលផលបានធ្វើការអប់រំណែនាំនិងពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីការប្រើប្រាស់ ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ដោយសារឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះកំពុងបំផ្លាញធនធានមច្ឆាជាតិ និងសូមឲ្យប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចដើម្បីរួមគ្នាការពារធនធានមច្ឆាជាតិ ៕
ដោយ៖ សណ្តោស