ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន៣ប្រទេស កម្ពុជា អីុស្រាអែល ថៃឡង់ដ៏៖ ខេងឡាយ ខូ អិលធីឌី ក្រុមហ៊ុនDaily Green 2507 Co. Ltd., និងក្រុមហ៊ុន ATC Supply Co.,Ltd លើការដាំដុះដំណាំល្មើរនៅព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខា ប្រមាញនិងនេសាទ បញ្ជាក់ថា ការដំាដំណាំល្មើរជួយកាត់បន្ថយការប្រើប្រាស់ទឹកច្រើននៅក្នុង ប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់លើដំណាំស្រូវ ក្នុងមួយមួយហិកតាត្រូវការទឹក ១ម៉ឺនម៉ែត្រគូប។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដំណាំល្មើរនេះជាការចូលរួមចំណែកមួយយ៉ាងធំធេង៖ ១,ការប្រើប្រាស់ទឹកនៅកម្ពុជាក្នុងការដាំដំណំាផ្សេងៗមានការកាត់បន្ថយ ២,កាត់បន្ថយធ្វើចំណាកស្រុក និងទី៣,កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោករដ្ឋមន្ត្រីបន្តថា ដំណំាល្មើរបាននឹងកំពុងពេញនិយមនៅលើទីផ្សារពិភពលោក ក៏ដូចជាទីផ្សារនៅក្នុងតំបន់អាស៊ីយើងផងដែរ ។
លោកបន្ថែមថា ដំណាំល្មើរត្រូវបានក្រសួងពិនិត្យថា វាមានសារៈសំខាន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់កសិករខ្មែរ ។ ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវតែមានការគិតគូរពីរយៈពេលនៃការដាំដុះវា ព្រោះថាមានរយៈដែលទទួលផលចាប់ពី៣ឆ្នាំឡើងទៅ ។ បើមានរយៈពេលយូរ ក្នុងការទទួលផល កសិករគួរសិក្សាពីការដំណាំបឋមដូចជា៖ ដំណំាកៅស៊ូរ ដំណាំសណ្តែក ដំឡូងជាដើមដើម្បីទទួលផលបានខ្លះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ កសិករខ្មែរដែលកំពុងចាប់ផ្តើមដាំដំណំាល្មើរនេះ ដូច្នេះខ្ញុំស្នើដល់ក្រុមហ៊ុនត្រូវពិនិត្យ និងផ្តល់ជាបន្ទាន់ នូវបច្ចេកទេស នៃការដំាដុះ ការថែទំា ការប្រមូលផល និងវេចខ្ចប់ប្រកបដោយគុណភាព និងអនាម័យ ដែលបច្ចុប្បន្ននេះអ្វីៗ ត្រូវគិតពីផលិតផលស្បៀងជាសំខាន់ ។ ផ្ទុយទៅវិញ ប្រសិនយើងមិនបានគិតគូរគុណភាព អនាម័យនោះទេ ផលិតផលរបស់ខ្មែរយើងគ្មានតម្លៃឡើយ។
លោករដ្ឋមន្ត្រីថា ការចុះអនុស្សារណៈរបស់ក្រុមហ៊ុនចំនួនបីនេះ គឺបង្ហាញពីការសន្យារបស់ក្រុមហ៊ុនក្នុងទិញផលិតផលពីប្រជាជន ព្រោះថា នៅពេលចាប់ផ្តើមដំាដុះក្រុមហ៊ុននិមួយៗត្រូវតែចុះកិច្ចសន្យា ហើយក្រសួងកសិកម្ម នឹងតាមដានពិនិត្យនូវកិច្ចសន្យានេះ តាមអ្វីដែលក្រសូងរៀបចំជាគោលនយោបាយ ។
លោក ខេង ច័ន្ថា អគ្គនាយកក្រុមហ៊ុន ខេង ឡាយ ខូអីលធីឌីនៃកម្ពុជាបានមានប្រសាសន៍ថា ការចុះអនុស្សារណៈដើម្បីសហការគ្នាដែល ក្រុមហ៊ុន Daily Green(Daily Green(2507) Co.,Ltd នៃព្រះរាជាណាចក្រថៃឡង់ ជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងការដំាដុះ និងប្រមូលផលជាច្រើនឆ្នាំហើយនំាយកកូនពូជល្មើរមកធ្វើការដាំដុះនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ A.T .C. Supply (1993) Co.,Ltd នៃប្រទេសអ៊ីស្រាអ៊ែលវិញ ជាក្រុមហ៊ុនរៀបចំប្រព័ន្ធទឹកតាមបច្ចេកវិទ្យាទំនើប ក្នុងការស្រោចស្រពទៅលើដំណាំល្មើរ និងដំណាំគ្រប់ប្រភេទ៕