ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងមានគម្រោងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១ខ្សែបន្ថែមទៀត(សរុប៤ខ្សែ) ខណៈបច្ចុប្បន្ននិងអនាគតជួបបញ្ហាកកស្ទះចរាចរណ៍នៅតែកើតមានក្នុងតំបន់ស្ពានអាកាសក្បាលថ្នល់នោះ។ គម្រោងការនេះគឺ ដើម្បីកែលម្អ និងដោះស្រាយបញ្ហាចរាចរណ៍ឱ្យកាន់តែមានភាព រលូនដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ ប្រសិនបើមិនមានការប្រែប្រួលទេនោះ គម្រោងនេះអាចនឹងបើកការដ្ឋាននៅអំឡុងខែវិច្ឆិកា ២០១៦ នេះ ។
នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ឲ្យដឹងថា បើមិនមានការប្រែប្រួលទេនោះ រដ្ឋបាលរាជធានីភ្នំពេញអាចនឹងបើកការដ្ឋានស្ថាបនាបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤ខ្សែទៀត ដើម្បីជួយកែសម្រួលតំបន់ក្បាលថ្នល់ ឱ្យកាន់តែមានភាពប្រសើរឡើង ។ បើទោះបីលោកមិនបានបញ្ជាក់អំពីថ្ងៃខែ ឬគណៈអធិបតីដែលធ្វើពិធីបើកការដ្ឋាននោះក៏ដោយមានប្រភពមួយ បានបង្ហើបឲ្យដឹងថា ពិធីនេះអាច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
កាលពីពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើង នៅក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើគម្រោងស្ថាបនា ផ្លូវក្រោមដីស្តុបកាណាឌីយ៉ា (BKC) និងពិនិត្យលទ្ធភាពចាប់ផ្តើមសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែមនៅក្បាលថ្នល់ មានប្រសាសន៍ថា ចំពោះគម្រោងសាង់សង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ។ បើទោះបីជានៅមានបញ្ហា ដែលជាឧបសគ្គស្មុគស្មាញមួយចំនួនក៏ដោយ ត្រូវតែចាប់ផ្តើមធ្វើកន្លែងណា ដែលមិនមានការប៉ះពាល់មុនឯកន្លែងពិបាកចាំធ្វើពេលក្រោយ ៕
ដោយ៖ ប្រាថ្នា