ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ បង្គោលទីតាំងចិញ្ចឹមគ្រែងស្របច្បាប់មួយកន្លែងស្ថិតនៅតំបន់កោះក្របី ក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានប្រជានេសាទល្មើសច្បាប់មួយក្រុមមានគ្នាប្រមាណជាង១០នាក់ មានស្រីមាន ប្រុស ជាឣនីតិជនបាននាំគ្នាជិះទូកទៅដកបង្គោលនៅលើទីតាំងកសិដ្ឋានចិញ្ចឹមគ្រែង នោះចោល គ្មានសល់ ។ ករណីនេះអ្នកប្រព្រឹត្ត ត្រូវជាប់បទល្មើសព្រហ្មទណ្ឌដោយសារមានស្ថានទម្ងន់ទោសនិងរំលោភយ៉ាងធ្ងន់ធ្ងរទៅលើលិខិតមួយច្បាប់លេខ១៧៧ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខាដោយលោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ ។
លោក ឣក សុងហ៑ន ឣភិបាលរងស្រុកព្រៃនប់បានឲ្យដឹងថាបន្ទាប់ពីមានពាក្យ បណ្តឹងរបស់ប្រជានេសាទប្តឹងទៅកាន់លោកអភិបាលខេត្តកាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦ស្តីពីទីតាំងចិញ្ចឹមគ្រែង ខាងលើនោះ លោកអភិបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរស្រុកចុះទៅពិនិត្យជាក់ស្តែងជាបន្ទាន់ ។ ប៉ុន្តែឆ្លៀតឱកាសដែលក្រុមការងារចម្រុះរបស់អាជ្ញាធរស្រុកព្រៃនប់ចុះមកពិនិត្យនៅទីតាំងចិញ្ចឹមគ្រែងខាងលើ ស្រាប់តែមានប្រជានេសាទមួយក្រុមមានគ្នាប្រមាណជាង១០នាក់ដូចបានរៀបរាប់ខាងលើបាននាំគ្នាទៅធ្វើសកម្មាពដកបង្គោលចោលអស់គ្មានសល់ទាំងគ្មាន បញ្ជាពីក្រុមការងារឡើយ ។
បើតាមប្រភពពីម្ចាស់កសិដ្ឋាន ដែល មានច្បាប់ឣនុញ្ញតខាងលើនិងប្រជាពលរដ្ឋរាប់រយនាក់នៅភូមិកោះខ្យងអះអាងថា ទីតាំងចិញ្ចឹមក្រែងខាងលើនេះគេមានច្បាប់ទម្លាប់ត្រឹមត្រូវមិនមែនចេះតែធ្វើគ្មានច្បាប់នោះទេ ។
ប្រជាពលរដ្ឋបន្តទៀតថា កន្លងមកខាង អាជ្ញាធរឃុំ ស្រុកធ្លាប់ចុះមកប្រជុំសហគមន៍នៅភូមិកោះខ្យងម្តងរួចមកហើយមុននឹងម្ចាស់ទីតាំងចិញ្ចឹមគ្រែងរូបនេះគេសុំច្បាប់ដែលមានប្រជានេសាទនិងប្រជាពលរដ្ឋ ចូលរួមប្រមាណជាង១០០នាក់ ហើយជាលទ្ធផលអង្គប្រជុំបានឯកភាពនូវសំណើនេះ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចនៅពេលដែលម្ចាស់ទីតាំងចិញ្ចឹមក្រែងខាងលើទៅបោះបង្គោលកំណត់ព្រំប្រទល់ ស្រាប់តែលេចមុខមនុស្សមួយក្រុមប្រមាណបួនដប់នាក់មានប្រុសមានស្រី ស្ថិតក្នុងវ័យជា ឣនីតិជននៅឡើយចេញមុខមកប្រឆាំងនិងព្យាយាមទៅធ្វើសកម្មភាពដកចោលបង្គោលដែលបានបោះរួចជាច្រើនដងដោយលើក មុនគឺនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ។
ក្រុមប្រជាពលរដ្ឋបន្តថា រឿងនេះអាចមានអ្នកបញ្ជាពីក្រោយខ្នង បើមិនដូច្នេះទេក្រុមអ្នកតវ៉ានេះមិនថ្លើមធំហ៊ាននាំគ្នាទៅ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគេចោលឡើយ ព្រោះនេះជាអំពើខុសច្បាប់ ។ ម្យ៉ាងទៀតក្រុមអ្នកតវ៉ាទាំងនោះសុទ្ធសឹងជាក្រុមអ្នក រកសុីនេសាទល្មើសច្បាប់ប្រើឧបករណ៍ ទូករុញដែលត្រូវបានហាមឃាត់ ។
ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកដែលរកសុីស្របច្បាប់នោះក៏មានការអំពាវនាវឲ្យ សមត្ថកិច្ចវែកមុខរកអ្នកដែលនៅពីក្រោយខ្នងនៃអំពើនេះដើម្បីនាំក្រុមជនប្រព្រឹត្តល្មើសទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះថាស្នាមមេដៃដែលប្តឹងតវ៉ានោះភាគច្រើនទំនងជាស្នាមមេដៃកូនក្មេង ហើយមួយចំនួនធំពុំ មានឈ្មោះឡើយ ដូច្នេះអាចមានមេដៃក្លែងក្លាយក៏ថាបាន ។
ជុំវិញស្នាមមេដៃនៅលើលិខិតបណ្តឹងខាងលើនេះឣ្នកច្បាប់បានឲ្យដឹងថាមិនមានបញ្ហាឣ្វីដែលស្ថាប័នច្បាប់រកមិនឃើញនោះទេ ព្រោះថានៅក្រសួងមហាផ្ទៃមានម៉ាសុីនដើម្បីធ្វើតេស្តរកលទ្ធផលពិតនៃស្នាមក្រយៅមេដៃនិងកាលបរិច្ឆេតដែលបានធ្វើនាពេលកន្លងមក ។ នៅពេលនោះឣ្នកប្រព្រឹត្តនឹងត្រូវជាប់ចោទពីបទឃុបឃិតក្នុងការក្លែងឯកសារសាធារណៈនិងត្រូវ ផ្តន្ទាទោសទៅតាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ