ខេត្តមណ្ឌលគិរី៖ ទោះបីសម្តេចតេជោ ហ៊ុន សែន នៅឆ្ងាយក៏ពិតមែន និងមិនបានមកជួបលោកយាយលោកតានាពេលនេះ តែសម្តេចតែងតែយកចិត្តដាក់ខ្ពស់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋរបស់សម្តេចជានិច្ច តាមរយៈមន្ត្រីគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាការខ្វះខាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា។ នេះបើតាមប្រសាសន៍របស់លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ ២០១៦ម្សិលមិញនេះ ក្នុងពិធីខួបលើកទី១៨នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ នៅសាលាស្រុកពេជ្រាដា។
នៅក្នុងពិធីនេះក៏មានចែកជូននូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចដល់ចាស់ជរា និងគ្រួសារក្រីក្រចំនួន២៣០នាក់ មកពីឃុំចំនួន២ ក្នុងស្រុកពេជ្រាដាផងដែរ។
លោកបានបន្តទៀតថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦មកម្ល៉េះ តែដោយសារថ្ងៃនោះចំថ្ងៃបុណ្យប្រពៃណីជាតិរបស់យើងដែលជាថ្ងៃបុណ្យធំបំផុតគឺបុណ្យភ្ជំបិណ្ឌ ទើបលើកមកប្រារព្ធពិធីនៅថ្ងៃនេះវិញ។ លោកបានបញ្ជាក់ទៀតថា អំណោយទាំងនោះរួមមាន កន្ទេល១ ត្រីខចំនួន១០កំប៉ុង អង្ករចំនួន២០គីឡូក្រាម ចំណែកមនុស្សចាស់ចំនួន៩០នាក់ទទួលបាននូវថវិកាបន្ថែមពីលើចំនួន២មឺុនរៀល។
បន្ទាប់មកលោក ស្វាយ សំអ៊ាង អភិបាលខេត្តបានផ្តាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឃុំ/សង្កាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាជាពលរដ្ឋដ៏ល្អ និងជាម្ចាស់សន្លឹកឆ្នោតផងដែរ៕
...
ដោយ៖ វុទ្ធ ឦសាន