ខេត្តពោធិ៍សាត់៖ ទារកម្នាក់រាងកាយ ចម្លែកដោយមានក្បាល១ខ្លួនជាប់គ្នា មាន ជើង៤ និងដៃ៤ ទម្ងន់៣,៤គីឡូក្រាមបានស្លាប់ក្នុងពោះម្តាយយ៉ាងអាណោចអាធ័មត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញជួយសង្គ្រោះម្តាយទាន់កាលពីវេលា ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញលោក ម៉ី ទីណូ បានឲ្យដឹងថា ម្តាយរបស់ ទារករងគ្រោះខាងលើនេះមានឈ្មោះ ឈាន ម៉ៅ អាយុ២១ឆ្នាំ រស់នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកបានបន្តថា ទារករូបនេះជាកូនដំបូងរបស់ស្ត្រីខាងលើនេះហើយពេលមកដល់មន្ទីរពេទ្យទារកបានកើតភ្លាមៗតែជា អកុសលទារកដែលកើតមកនោះក៏បានស្លាប់តាំងពីនៅក្នុងពោះម្តាយម្លេ៉ះ ។
លោកបញ្ជាក់ថា ទារកអភ័ព្វខាងលើ នេះមានលក្ខណៈចម្លែកជាងទារកដទៃ ទៀតដែលមានជើង៤ ដៃ៤ ក្បាល១ ខ្លួន ជាប់គ្នា និងទម្ងន់៣,៤គីឡូក្រាមឯណោះហើយបានស្លាប់នៅក្នុងពោះម្តាយ ។
លោកបន្ថែមថា ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញបានខំប្រឹងប្រែងជួយបង្កើតទារក ប៉ុន្តែទារក នោះបានស្លាប់ក្នុងផ្ទៃពោះម្តាយបាត់ទៅហើយតែ សម្រាប់ម្តាយមានសុវត្ថិភាពល្អដោយពុំមានការវះកាត់យកទារកចម្លែកនេះទេ ។
លោកប្រធានមន្ទីរពេទ្យបង្អែកបានឲ្យដឹងដែរថា ម្តាយទារកចម្លែកនោះបានចេញ ពីមន្ទីរពេទ្យនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ ហើយក្រុមគ្រូពេទ្យបានណែនាំឲ្យស្ត្រីខាងលើនេះនៅពេលក្រោយប្រសិន បើមានផ្ទៃពោះទៀតត្រូវទៅមន្ទីរពេទ្យឲ្យ គ្រូពេទ្យជំនាញពិនិត្យមើលកូនក្នុងផ្ទៃ ដើម្បីសុវត្ថិភាពខ្លួនឯងផង និងសុវត្ថិភាព កូនផង កុំឲ្យមានករណីដូចខាងលើនេះ កើតឡើងម្តងទៀត ព្រោះតែមិនបានពិនិត្យមើលផ្ទៃពោះឲ្យបានទៀងទាត់ ៕
ដោយ៖ ប៉ឹម ពិន