នៅក្នុងសកម្មភាពដែលមិនប្រកាសឲ្យដឹងជាមុននៅក្នុងវិមាន Malacanang អតីត ប្រធានាធិបតី Fidel Ramos បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែងរដ្ឋទូតក្នុងការចរចាបង្កើតទំនាក់ទំនងរវាងហ្វុីលីពីននឹងចិន។
សារព័ត៌មាន The Philipine Star កាល ពីថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថា នៅពេលដែលចូលរួមក្នុងព្រឹត្តិការណ៍មួយក្នុងស្ថានទូតថៃនៅទីក្រុងម៉ានីលអតីតប្រធានាធិបតី Ramos បាននិយាយទៅកាន់ប្រធានាធិបតី ឌុយទែរតេ ថា លោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយនេះជាពេលវេលាដែលត្រូវលាលែងចេញពីតំណែងដោយសារតែការចរចា ត្រូវបានមន្ត្រីរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។
សារព័ត៌មានហ្វុីលីពីនបានផ្សាយទៀតថា នេះជាពេលវេលាថ្មីបំផុតក្រោយពេលអតីតប្រធានាធិបតី Ramos បានថ្កោល ទោសលោក ឌុយទែរតេ ពីសង្គ្រាមប្រឆាំងគ្រឿងញៀនបង្ហូរឈាមសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ លោក ឌុយទែរតេ តែងតែប្រើពាក្យសម្តីបះពាល់ដល់ប្រទេសផ្សេងទៀតដែលធ្លាប់ជាសម្ពន្ធមិត្តជិតស្និតរបស់ហ្វុីលីពីន។
ប្រតិកម្មក្រោយពេលទទួលបានព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនលោក Martin Andanar បានប្រកាសឲ្យដឹងថា វិមានប្រធានាធិបតី Malacanang មិនទាន់ទទួលបានលិខិតសុំលាលែងពីតំណែងរបស់ លោក Ramos នៅឡើយទេ។ ប៉ុន្តែនេះជារឿងខុសឆ្គងដ៏ធំប្រសិនបើលោក Ramos លាលែងចេញពីតំណែងដោយសារតែហ្វុីលីពីនត្រូវការអ្នកមានសមត្ថភាពដូចជារូបលោកដើម្បីបន្តនូវអ្វីដែលចិននិងហ្វុីលីពីនទទួលបាននៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិននាពេលកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី