ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានរងរបួសក្រោមឆ្អឹងជំនីខាងស្តាំដោយសារតែត្រូវចោរចាក់ចំនួន២កាំបិត បំណងប្លន់យកម៉ូតូតែមិនបានសម្រេច ហើយត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន បូរីអាយុ៣២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពន ជិះម៉ូតូម៉ាកឌ្រីមសង ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពញ1BS-1419 ចំណែក ជនល្មើសមានឈ្មោះ ផាន់ គ្រាន់ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ។
សមត្ថកិច្ចបន្តថា នៅមុនពលកើតហេតុជនសង្ស័យខាងលើបានហៅជនរងគ្រោះឱ្យឌុបខ្លួនពីលូប្រាំ មកភូមិជ្រៃកោង ដោយឱ្យតំលៃ៦០០០រៀល ខណៈមកដល់កន្លែងកើតហេតុដែលជាកន្លែងស្ងាត់ជនសង្ស័យក៏បានដកកាំបិតចាក់ទៅលើជនរងគ្រោះចំនួន២កាំបិតចំក្រោមឆ្អឹងជំនីខាងស្តាំបំណងប្លន់យកម៉ូតូ ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២បណ្តាលឱ្យរងរបួសហូរឈាម ស្រោចខ្លួន ។
ប្រភពបន្តថា ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះស្រែកឆោរឡោរឡើងក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាដេញចាប់បានភ្លាមៗវាយម្នាក់មួយដៃមួយជើង រួចទើបប្រគល់ទៅឱ្យសមត្ថកិច្ចភ្លាមៗ ហើយសមត្ថកិច្ចក៏ដកហូតបានកាំភ្លើងក្លែងក្លាយមួយដើមផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅកសាងសំណុំរឿង ដើមី្បបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការទៅតាមផ្លូវច្បាប់ ៕
...
ដោយ៖ សុខា សែនជ័យ