ប៉ោយប៉ែត៖ ទូហ្គេមបាញ់ត្រី១កន្លែងដែលលូចបើកធ្វើឲ្យ ក្មេងចូលលេងភ្លេចការសិក្សារៀនសូត្រ និងក្មេងប្រុស ស្រីជាង២០នាក់ត្រូវសមត្ថកិច្ចបង្ក្រាប និងចាប់យកមកអប់រំកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្សារហុយឡេង ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអ៊ុំ សុផល អធិកាក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ការចុះបង្រាបទូហ្គេមបាញ់ត្រីនៅចំណុចខាងលើនោះ បានដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីធំចំនួន២គ្រឿ និងទូហ្គេមតុក្កតា៣គ្រឿង ចំណែកម្ចាស់ទីតាំងបានគេចខ្លួនបាត់ ។ សមត្ថកិច្ចឃាត់ខ្លួនបានមេកាស្រីម្នាក់ ឈ្មោះអ៊ុន ចន្ថា អាយុ២៣ឆ្នាំ ទើបតែមកមើលការខុសត្រូវពីរថ្ងៃ រួមទាំងចាប់បានក្មេងៗប្រុស ស្រី ក្រោមអាយុ១៥ឆ្នាំ យកប្រាក់ឪពុក ម្ដាយ និងគេចមិនចូលសាលាមកលេងចំនួន២២នាក់ ហើយក្មេងៗដែលមកលេងហ្គេមបាញ់ត្រីទាំងអស់នោះ ក្រោយពីអប់រំ លោកបានឲ្យឪពុក ម្ដាយមកធ្វើកិច្ចសន្យារួចហើយ ឲ្យទៅផ្ទះវិញ ។
ចំណែកអ្នកមើលកាខុសត្រូវទូហ្គេមបាញ់ត្រីវិញ លោកបានឲ្យធ្វើកំណត់ហេតុ និងបញ្ជូនទៅស្នងកាខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំពោះគ្រឿងបម្រើឲ្យល្បែងស៊ីសងខាងលើ លោកនឹងរក្សាទុកនៅកន្លែងអធិការរង់ចាំបទបញ្ជារបស់ស្នងការខេត្ត ។
លោកថា ពាក់ពន្ធនឹងករណីបង្ក្រាបល្បែងទូហ្គេមបាញ់ត្រីខាងលើនេះ គីអនុវត្តតាមបទបញ្ជារបស់លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ទើបឈានទៅអនុវត្តបានរាល់ល្បែងដែលមានក្នុងទីតាំង នេះ លោកបន្តអនុវត្តបន្ថែមទៀតតាមតម្រូវការបស់ប្រជាពលរដ្ឋដែលលើកឡើង រួមទាំងសុវត្ថិភាពប្រជាពលរដ្ឋផង ៕
ដោយ៖ វណ្ណា