ភ្នំពេញ៖ លោក គង់ មករា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ និង បក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ លក់ទ្រព្យសម្បត្តិរដ្ឋ ។ មន្ត្រី ACU មិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ ខណៈបញ្ជូនជនសង្ស័យទាំងពីរនាក់មកតុលាការ ។
ដោយឡែកការថតរូបភាពនៅខាងក្រោមអគារសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានរិតត្បិតផងដែរ តែមន្ត្រីនគរបាលមួយរូបដែលមានសណ្តានជាមនុស្សល្អ បាននិយាយសមរម្យជាមួយអ្នកសារព័ត៌មាន ដោយ អនុញ្ញាតឲ្យថតរូបភាព គ្រាន់តែឲ្យឈរថតពីចម្ងាយ ។
ពាក់ព័ន្ធករណីនេះ នៅពុំទាន់បានការឆ្លើយតបពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា អំពីសំណួរសួរ ថា តើតុលាការមានគោលការណ៍អនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបភាព ខាងក្រោមតុលាការហើយឬនៅ ?
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួររបស់លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ៖ ចេស្តា