ការវិភាគមួយបានបង្ហាញឲ្យឃើញថា ទិដ្ឋភាពចុងក្រោយនៃជើងហោះហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញបានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឆិកាថា គ្មានអ្នកណាម្នាក់អាចគ្រប់គ្រង យន្តហោះពេលវាដាំក្បាលបុកចូលសមុទ្រនោះឡើយ។
តាមរបាយការណ៍បច្ចេកទេសរបស់មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ដឹកជញ្ជូនអូស្ត្រាលី ATSB បានឲ្យដឹងថា តាមការ សន្និដ្ឋាននៅពេលយន្តហោះអស់ថាមពល ហើយដាំក្បាលបុកចូលមហាសមុទ្រឥណ្ឌាកាលពីឆ្នាំ២០១៤គឺគ្មានការបញ្ជាឡើយទុកឲ្យធ្លាក់ចូលសមុទ្រដោយសេរី។
រយៈពេលប៉ុន្មានខែចុងក្រោយនេះមានការលើកឡើងជាច្រើនថា យន្តហោះនៅមានអ្នកបញ្ជាពេលដាំក្បាលបុកចូលទៅក្នុងសមុទ្រ ។ ទាំងនោះហើយទើប MH 370 ប្លាតទៅកាន់ទីកន្លែងផ្សេងទៀត ទើប ក្រុមអ្នករុករករកមិនឃើញ។
នៅក្នុងរបាយការណ៍កាលពីថ្ងៃទី២ ខែមិថុនាបង្ហាញឲ្យឃើញថា តាមទិន្នន័យ ផ្កាយរណបចុងក្រោយបំផុតបានបង្ហាញឲ្យឃើញថា គ្មានអ្នកណាម្នាក់គ្រប់គ្រងយន្តហោះឡើយនៅពេលចុងក្រោយមុនពេលធ្លាក់។ ផ្នែកស្លាបខាងក្រោយយន្តហោះបានរសាត់ចូលឆ្នេរសមុទ្រ Tanzania បានបញ្ជាក់យ៉ាងច្បាស់ថាទ្វារយន្តហោះមិនបានបើកឡើយ ។ ជាធម្មតាបើមានអាកាសយានិកគ្រប់គ្រងនោះទ្វារនឹងត្រូវបើកពេលយន្តហោះធ្លាក់ចុះដោយចៃដន្យ។
អគ្គនាយក ATSB Peter Foley បាន លើកឡើងថា ប្រសិនបើស្លាបមិនលាចេញបន្ថែមទេនោះមានន័យថាយន្តហោះធ្លាក់ដោយគ្មានអ្នកបញ្ជា ។ នៅក្នុងការវិភាគនោះបានបញ្ជាក់ថាយន្តហោះធ្លាក់ចូលសមុទ្រក្នុងល្បឿន៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការប្រកាសខាងលើធ្វើឡើងក្រោយពេលក្រុមអ្នកឯកទេសអូស្ត្រាលីនិងអន្តរជាតិចាប់ផ្តើមប្រជុំរយៈពេល៣ថ្ងៃនៅទីក្រុង Canberra ប្រទេសអូស្ត្រាលីដើម្បីត្រួតពិនិត្យ និងវាយតម្លៃឡើងវិញរាល់ទិន្នន័យរុករកយន្តហោះMH370 ដែលមានបំណែករហូតដល់ជាង២០ត្រូវបានរកឃើញនៅឆ្នេរសមុទ្រឥណ្ឌា ។
យន្តហោះ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាពេលធ្វើដំណើរពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានមនុស្សរហូតដល់២៣៩នាក់នៅលើយន្តហោះ។ អ្នកដំណើរនិងក្រុមអាកាសយានិកទាំងអស់ត្រូវបានគេចាត់ទុកថាស្លាប់ ដោយមកទល់ពេលនេះ មិនទាន់មានតម្រុយណាមួយនៅឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី