ភ្នំពេញ៖ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ក្រោមកិច្ចសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន យុវជនម្នាក់ដែលមានតួនាទីជាសន្តិសុខឯកជន យាមនៅតាមមន្ទីរ ក្រោយពីបានស្រលាញ់គ្នាជាមួយក្មេងស្រីមិនទាន់គ្រប់ ហើយនៅពេលរួមភេទបានម្តង ក៏បានបែកធ្លាយដល់ម្តាយក្មេងស្រីរងគ្រោះទើបប្តឹងប៉ូលីសឲ្យចាប់ដាក់ខ្នោះតែម្តង។
បុរសខាងលើត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមន្ទីរសម្រាកព្យាបាលដេប៉ូឡុង ហួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចោទ ពីបទរួមភេទជាមួយអនិតិជនក្រោមអាយុ១៥ ឆ្នាំ។
បុរសជាដៃគូឈ្មោះ វ៉ា ឆៃ ហៅឆៃ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុន IPS ស្នាក់នៅបណ្តោះអាសន្ន ផ្ទះលេខ១៥១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានទីលំនៅដើម និងស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកក្មេងស្រីជនរងគ្រោះឈ្មោះ ម៉ា ស្រីអូន អាយុ១២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះនិងបុរសជាដៃគូមានទំនាក់ទំនងស្គាល់គ្នារយៈពេលប្រហែលមួយខែហើយ ដោយក្មេងស្រីរងគ្រោះ តែងតែមកអង្គុយលេងជាមួយជនសង្ស័យដែលយាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ជាញឹកញាប់ លុះមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាចជនសង្ស័យបាននាំជនរងគ្រោះចេញពីកន្លែងយាម ទៅផ្ទះម្តាយមីងនៅម្តុំផ្សារអូរឫស្សី ហើយបានព្រមព្រៀងគ្នារួមភេទបានសម្រេចម្តង រួចក៏នាំគ្នាត្រឡប់មកវិញ។ នេះបើតាមចម្លើយជនសង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ ។
លុះនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០ព្រឹក ម្តាយក្មេងរងគ្រោះបានដឹងរឿងនេះ ដោយសារជនរងគ្រោះនិយាយប្រាប់ ក៏បានប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅឆៃ នៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ(ជាកន្លែងធ្វើការរបស់ជនសង្ស័យ) តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស តារា