ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម KH លោក អាន់ដា នៅតែបន្តជ្រកក្រោមដំបូលផលិតកម្មនេះ បើទោះបីជាមិនមានស្នាដៃលេចធ្លោរច្រើនអាចអង្រួនបេះដូងយុវវ័យដូចមុនច្រើនក៏ដោយ។ តារាចម្រៀងរូបនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រឡូកក្នុងការងារថ្មីៗបន្តទៀតពិសេសគឺការងារសម្តែង និងពិធីករ។
ចំណាយពេលប្រមាណជិតមួយទសវត្សរិ៍ជាមួយផលិតកម្មKH អាន់ដា ត្រូវបានគេស្គាល់ច្រើនជាមួយនឹងស្នាដៃបទចម្រៀង និងការចេញទៅបង្ហាញខ្លួនលើឆាកតន្ត្រីជាលក្ខណៈអន្តរជាតិជាញឹកញាប់។ ពេលនេះស្នាដៃបទចម្រៀងរបស់លោកបានទទួលបានការចាប់អារម្មណ៍ជាថ្មីគឺបទ”ស្រលាញ់អូនលើសហើយ” ដែលត្រូវបានយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគថៃរឿង”ស្វាមីក្លែងក្លាយ”។ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា លោកពិតជាបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម KHនៅឆ្នាំនេះមែន ប៉ុន្តែលោកនៅតែមិនមានគម្រោងចាកចេញពីផលិតកម្មនេះនៅឡើយ។ លោកបញ្ជាក់ថា ទោះបីជាចប់កុងត្រាជាមួយផលិតកម្ម ប៉ុន្តែនៅមានការងារជាច្រើនដែលលោកត្រូវជួយផលិតកម្មនេះទាំងការច្រៀង និងជាអ្នកកាត់តផ្នែកសំឡេងនៅផលិតកម្មនេះ។ លោកបញ្ជាក់ដែរថា ក្រៅពីការងារជាអ្នកកាត់តលោកក៏នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយរបស់ផលិតកម្មនេះក្នុងពេលដ៏ខ្លីខាងមុខ។ ខ្សែភាពយន្តនេះលោកនៅមិនទាន់ដឹងអំពីចំណងជើងនិងជាប្រភេទរឿងអ្វីច្បាស់នៅឡើយ ហើយនេះគឺជាលើកដំបូងដែលលោកទទួលបានឱកាសសម្តែងក្នុងខ្សែភាពយន្ត ដែលលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ លោកបញ្ជាក់ថា ស្នាដៃបទចម្រៀងរបស់លោកហាក់មិនមានសន្ទុះខ្លាំងព្រោះតែទីផ្សារបទចម្រៀងបច្ចុប្បន្នមានភាពតឹងចង្អៀតខ្លាំង។ តារារូបនេះលើកឡើងដែរថា ដើម្បីបង្កើនការគាំទ្រជាថ្មីលោកក៏ត្រៀមខ្លួនបន្តការងារជាពិធីករថ្មីក្នុងកម្មវិធីសិល្បៈមួយនៅចុងឆ្នាំនេះផងដែរ។
តារាចម្រៀងដែលធ្លាប់បង្ហាញមុខក្នុងវេទិកាតន្រ្តីអាស៊ានរូបនេះលើកឡើងដែរថា លោកនៅតែមិនអស់សង្ឃឹម និងបោះបង់ការតស៊ូចោលនោះទេ ព្រោះតែលោកប្រឹងប្រែងសន្សំតាំងពីយូរណាស់មកហើយ។ លោកក៏រំពឹងដែរថា ស្នាដៃសិល្បៈថ្មីៗដែលលោកនឹងបង្ហាញនៅចុងឆ្នាំ២០១៦ និងដើមឆ្នាំក្រោយនឹងជួយពង្រឹងមុខមាត់លោកក្នុងចង្កោមសិល្បៈ ហើយលោកក៏រំពឹងដែរថា ទស្សនិកជននឹងជួយគ្រាំទ្រផ្តល់កម្លាំងចិត្តដល់លោកផងដែរ៕
ដោយ៖ វឌ្ឍនា