ប្រភពពីមន្ត្រីយោធាអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ប្រាំមួយគ្រឿង និងកងទាហានប្រមាណ៣០០នាក់ឲ្យទៅកាន់បន្ទាយកងទ័ពអាកាស Incirlik កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីទីក្រុងAnkara បានយល់ព្រមកាលពីខែមុនអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារពីលើដែនអាកាសចេញពីបន្ទាយជើងអាកាសទួរគីប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS នោះ ។ មន្ទីរបង់តាហ្គូនបានចេញសេចក្តីថ្លែងការខាងលើនេះ ប៉ុន្តែមិនបានលាតត្រដាងព័ត៌មានឲ្យបានពិស្តារនោះឡើយ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងទួរគី បូករួមប្រទេសសមាជិកសម្ពន្ធមិត្ត៦០ប្រទេសទៀតរួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងទៅលើក្រុមISIL ដែលកំពុងតែគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ។
ដោយមានការអនុញ្ញាតប្រើប្រាស់បន្ទាយកងទ័ពអាកាស Incirlik ដើម្បីប្រើប្រាស់យន្តហោះមានមនុស្សបើកទម្លាក់គ្រាប់បែក របស់កងទ័ពអាមេរិក និងកងកម្លាំងទួរគីប្រឆាំងទៅលើគោលដៅនៅក្បែរខាងទឹកដីស៊ីរីនោះគឺជាឱកាស ឬជាលទ្ធភាពដ៏សំខាន់បំផុត ។
កាលពីខែមុន ទួរគីទើបតែបានសម្រេចចិត្តអនុញ្ញាតឲ្យមានការប្រើប្រាស់បន្ទាយកងទ័ពជើងអាកាសរបស់ខ្លួនពីសំណាក់កងកម្លាំងសម្ពន្ធមិត្តអាមេរិកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម ។ ទួរគីមានការស្ទាក់ស្ទើរជាយូរមកហើយ នៅក្នុងការអនុញ្ញាតនេះ ។
ប្រទេសទួរគីកំពុងប្រឈមមុខនឹងកំណើនការគំរាមកំហែងផ្នែកសន្តិសុខ សុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែនចម្ងាយប្រមាណ៩០០គីឡូម៉ែត្រជាប់ជាមួយប្រទេសស៊ីរី ។ គេព្រួយបារម្ភថា ជម្លោះនៅក្នុងទឹកដីស៊ីរីអាចរាលដាលចូលដល់ទឹកដីទួរគី ហើយបង្កឲ្យទំនាក់ទំនងកាន់តែអាក្រក់ខ្លាំងឡើងជាមួយក្រុមជនជាតិភាគតិចឃើដ ៕
ប្រែសម្រួល៖ យ៉ាត